ព័ត៌មានជាតិ

ក្នុងខែមិថុនា គ្រោះរន្ទះបាញ់ សម្លាប់ពលរដ្ឋ១០នាក់ និងរបួស៩នាក់

ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃ៤ កក្កដា បានឲ្យ ដឹងថា ក្នុងរយៈពេល១ខែមិថុនា ឆ្នាំ២០២២នេះ គ្រោះធម្មតាជាតិរន្ទះបាញ់ បានសម្លាប់ប្រជាពលរដ្ឋចំនួន១០នាក់ និងរងរបួស៩នាក់ ខណៈ៥ខែកន្លងមក បានសម្លាប់ពលរដ្ឋ២៤នាក់ ។

របាយការណ៍ឲ្យដឹងទៀតថា គ្រោះធម្មជាតិរន្ទះបាញ់នេះ បានកើតឡើងចំនួន១៣លើក នៅមូលដ្ឋានខេត្តចំនួន៩ ។ ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ និងរបួសទាំង១៩នាក់ហើយ ក៏បានងាប់គោក្របី១៦ក្បាលផងដែរ ។

ទន្ទឹមគ្នានេះដែរ រយៈពេល១ខែនេះ ក៏មានខ្យល់កន្ត្រាក់កើតឡើងចំនួន ៣១លើក នៅរាជធានី-ខេត្តចំនួន១៨ បង្កការប៉ះពាល់ផ្ទះរលំ និងខូចធ្ងន់ធ្ងរ ១៤៨ខ្នង , ផ្ទះរបើកដំបូល និងខូចមធ្យម ៥៨៥ខ្នង , ដើមឈើរលំបាក់១២ដើម , ប៉ះពាល់ប្រាសាទបេងមាលា , ដួលរលំដំបូលទីលានបាល់ទាត់ ១កន្លែង , បាក់បង្គោលភ្លើង១ , បង្គោលអង់តែនទូរស័ព្ទ១ , ដួលរលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម១ , របើកដំបូលការិយាល័យអាវុធហត្ថ ១កន្លែង , រលំដើមឈើសង្កត់រថយន្ត៣គ្រឿង , ដួលរលំរោងចិញ្ចឹមមាន់១ និងតូបលក់ដូរ២ និងរបួស១២នាក់។

ចំពោះបរិមាណទឹកភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ចាប់ពីដំណាច់ខែឧសភា មកដល់ដើមខែមិថុនា ក្រៅពីបង្កការជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជនក្នុងរយៈពេលខ្លី ក៏បង្កការប៉ះពាល់ និងខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋមួយចំនួន។

ដើម្បីត្រៀមបង្ការទុកជាមុន លោកទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទេសរដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់មន្ត្រី សហការជាមួយភាគីពាក់ព័ន្ធទាំងអស់ផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ ជាក់លាក់ និងឆាប់រហ័សពីគ្រោះមហន្តរាយនានា និងពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុដែលងាយបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ពិសេសបញ្ហាគ្រោះទឹកជំនន់ អាចកើតមាននៅក្នុងរដូវវស្សាឆ្នាំនេះ ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការចុះជួយពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា ៕

To Top