ព័ត៌មានជាតិ

គ.ជ.ប ៖ ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ រៀបចំកាន់តែល្អប្រសើរឡើង ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស

ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បានរៀបចំកាន់តែល្អប្រសើរឡើង ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស បើប្រៀបធ្រៀបនឹងការបោះឆ្នោតមុនៗ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោក ប្រាជ្ញ ចន្ទ បានឲ្យដឹងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រតិទិនសម្រាប់ការបោះឆ្នោត។

លោក បញ្ជាក់ថា «ជាទូទៅ ការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានមតិជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយត្រូវបានរៀបចំ កាន់តែល្អប្រសើរឡើងទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ»។

ប្រធាន គ.ជ.ប បន្តទៀតថា ជោគជ័យដ៏ត្រចះត្រចង់ដែលសម្រេចបាននេះ គឺអាស្រ័យដោយមានការចូល រួមចំណែកដ៏ថ្លៃថ្លាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ គណៈបញ្ជាការ សន្តិសុខអចិន្រ្តៃយ៍ សម្រាប់ការបោះឆ្នោត មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីគ្រប់កម្រិត ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ គណបក្សនយោបាយ ប្រទេសផ្តល់ជំនួយ អង្គការ សមាគម អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោត យ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ និងគ្មានការភ័យខ្លាច៕

To Top