ព័ត៌មានជាតិ

គយនឹងបន្ថែមកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ដេីម្បីទប់ស្កាត់ការលួចនាំចូលរថយន្តចង្កូតស្ដាំ (Video)

ភ្នំពេញ៖ អគ្គនាយកគយ សង្ឃឹមថា ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធដែលមានស្រាប់នៅកម្ពុជា នឹងចូលខ្លួន មកបង់ពន្ធ ឬប្រកាសកាន់កាប់ឲ្យបានឆាប់ ខណៈគយ នឹងបន្ថែមកម្លាំង និងពង្រឹងសកម្មភាព ទប់ស្កាត់ការ នាំចូលថ្មីបន្ថែមទៀត ជាពិសេសនៅតាមច្រកព្រំដែន កម្ពុជា-ថៃ ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃការអនុវត្តការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករ នាំចូលដែលមានស្រាប់ ក្នុងប្រទេស នៅថ្ងៃទី៧ កក្កដា ឆ្នាំ២០២២នេះ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកំណត់សម្គាល់ថា រថយន្តចង្កូតស្តាំគ្មានពន្ធ ដែលចរាចរនៅកម្ពុជា សុទ្ធសឹងតែ ទាំងស្រុងរត់ពន្ធដោយខុសច្បាប់ចូលពីប្រទេសថៃ ។

ដោយកំពុងស្ថិតក្នុងនីតិវិធី និងគម្រោងសិក្សា លើការកំណត់ចំនួនជាក់លាក់ រថយន្តចង្កូតស្តាំគ្មាន ពន្ធមានស្រាប់នៅកម្ពុជា លោក គុណ ញឹម បានទទូចក៏ដូចជាសំណូពរ ដល់ម្ចាស់យាន្តយន្តទាំងនោះ ឲ្យឆាប់រួសរាន់ចូលមកបង់ពន្ធអាករ ឬប្រកាសថាខ្លួនជាម្ចាស់កម្មសិទ្ធិរថយន្តចង្កូតស្តាំ ឲ្យបានមុនពេលឱសានវាទចុងក្រោយ ដើម្បីកំណត់ថា កម្ពុជាលែងមានការរត់ពន្ធដោយខុសច្បាប់ នូវរថយន្តចង្កូតស្តាំមកកម្ពុជាបន្តទៀត ជាពិសេស គយនឹងបន្ថែមកម្លាំងនិងសកម្មភាពទប់ស្កាត់បង្ក្រាបកាន់តែខ្លាំងក្លា ជាពិសេសតាមច្រកព្រំដែន កម្ពុជា-ថៃ ។

លោក គុណ ញឹម បានឲ្យដឹងថា “ការអនុវត្តត្រូវការនីតិវិធី និងយន្តការលម្អិតបន្តិត ដែលយើងត្រូវការពេលវេលា រៀបចំ ចាត់ចែង រួមទាំងការផ្សព្វផ្សាយ រួមទាំងការអនុវត្តវិធានការ បន្ថែមមួយចំនួនផង ជាពិសេសគឺការ ទប់ស្កាត់ ការរត់ពន្ធរថយន្តចង្កូតស្តាំ ថ្មីៗចូលមកទៀត ពីព្រោះការអនុញ្ញាតិ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់តែរថយន្តមានស្រាប់នៅក្នុងប្រទេសទេ ។ ដូច្នេះហើយយើងត្រូវគិតគូរពីឱសានវាទ ពេលវេលា ហើយក៏ត្រូវសម្រាប់ អង្គភាពគយ និងរដ្ឋាករកម្ពុជា ត្រូវមានវិធានការបន្ថែម ជាពិសេសនៅព្រំដែន កម្ពុជា ថៃ ដែលយើងដឹង ហើយថា រថយន្តចង្កូតស្តាំ ភាគច្រើនលើសលប់បំផុត ស្ទើតែទាំងអស់នោះ គឺជារថយន្តដែលរត់ ពន្ធមកពីប្រទេសថៃ ដែលជាប្រទេសដែលប្រើរថយន្តចង្កូតស្តាំ តាមច្រកល្បៀង តាមច្រកព្រំដែននានា ដែលលាទសន្ធឹងយ៉ាងវែង ហើយមានច្រកមួយចំនួនហៅថា ច្រករបៀង ច្រកមិនផ្លូវការ ដែលឈ្មួញខិលខូច លួចនាំរថយន្តខុសច្បាប់នាំចូលចឹង នេះជាការគិតគូរ ហើយនឹងមានវិធានការបន្ថែម ដែលយើងនឹងចាត់ចែង នៅក្នុងពេលជាលក្ខណៈបន្ទាន់ និងពេលចំពោះមុខទៀត តែនៅចំពោះមុខនេះ ដើម្បីទប់ស្កាត់ ការបើកអោយបង់ពន្ធ ការអនុញ្ញាតិអោយបង់ពន្ធមិនកែចង្កូតនេះ កុំអោយមានអាថ្មីៗរត់ពន្ធមកបន្ថែមទៀត” ។

លោកអគ្គនាយកគយ បានបន្តទៀតថា “មកដល់ម៉ោងនេះ យើងក៏មិនទាន់ដឹងថា រថយន្តដែលចង្កូតស្តាំគ្មានពន្ធ មានស្រាប់នៅក្នុងប្រទេសចំនួនប៉ុន្មានដែរ ចឹងហើយយើងបានពិភាក្សាគ្នាថា ទុកពេលវេលា ឧទាហរណ៍ថា ៣សប្តាហ៍ ដើម្បីអោយម្ចាស់យករថយន្តរបស់ខ្លួន ឬចូលខ្លួនមកប្រកាស ថាខ្លួនមានកាន់កាប់រថយន្តចង្កតស្តាំ ចឹងយើងចង់ធ្វើរបៀបជា Registration (ការចុះឈ្មោះ) សិន ដើម្បីឲ្យដឹងថាមានស្រាប់ នៅក្នុងប្រទេសប៉ុន្មាន ។ ផុតពីនឹងទៅគឺយើងលែងទទួលថា គាត់មានស្រាប់ហើយ មានន័យថាទុកឱកាសអោយគាត់មកប្រាប់ មកប្រកាសថាគាត់កាន់កាប់ រថយន្តចង្កូតស្តាំគ្មានពន្ធ ដើម្បីដឹងចំនួនពិតប្រាកដថា អាមានស្រាប់ក្នុងប្រទេសនឹងប៉ុន្មាន ចឹងផុតពីនឹងទៅយើងលែងទទួលហើយ ប្រសិនបើយើងបង្ក្រាបបាន យើងសន្មត់ថា អានឹងមិនមែនមានស្រាប់ទេ គឺចូលមកថ្មីៗហើយ” ។

លោកបានបញ្ជាក់ថា “ដើម្បីទប់ស្កាត់ យើងនឹងចាត់វិធានការរឹតបន្តឹង នៅតាមមាត់ច្រកព្រំដែន ជាពិសេស គឺកម្ពុជា-ថៃតែម្តង ចឹងខ្ញុំនឹងចេញសេចក្តីណែនាំ ដល់មន្ត្រីគយ ជាពិសសការិយាល័យស្រាវជ្រាវ នឹងបង្ក្រាបអំពើរត់ពន្ធ អោយយកចិត្តទុកដាក់ឃ្លាំមើល សង្កេតមើល ដាក់កម្លាំង ដើម្បីទៅទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្តាំថ្មីៗ គឺថាលួចនាំចូលរត់ពន្ធថ្មីៗ”៕

To Top