ភ្នំពេញ ៖ លោក សួន សេរីដ្ឋាន ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចប់ភារកិច្ច ពីសមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងពីអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ ។
ក្នុងលិខិតចុះហត្ថលេខាដោយ សម្តេច សាយ ឈុំ អនុប្រធានគណៈអចិន្ត្រៃយ៍ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃ៦ កក្កដា មិនបានបញ្ជាក់ពីមូលហេតុ នៃការបញ្ចប់ភារកិច្ចសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង របស់លោក សួន សេរីរដ្ឋា នោះទេ ។ ប៉ុន្តែការចុះហត្ថលេខា បញ្ចប់ភារកិច្ចនេះ ធ្វើឡើងស្របពេលជាមួយគ្នា និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបដិសេធច្រានចោល ការចោទប្រកាន់របស់លោក សួន សេរី អំពីបទល្មើសនេសាទ នៅកំពង់ឆ្នាំងថា បានបណ្តោយឲ្យឈ្នួញ ប្រព្រឹត្តបទល្មើស ដោយគ្មានការបង្ក្រាប។
លិខិតបញ្ជាក់អ្នកនាំពាក្យ រដ្ឋបាលខត្តកំពង់ឆាំ្នង នៅថ្ងៃ៦ កក្កដាដែរនោះ បានលើកឡើងថា មានហ្វេសប៊ុកឈ្មោះ សួន សេរីរដ្ឋា ចុះផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ថា “សកម្មភាពបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ចាប់ពី៥០០ម៉ែត្រ ទៅ១.០០០ម៉ែត្រ កំពុងកើតមានយ៉ាងពេញទំហឹង នៅក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ហើយជនល្មើសប្រើប្រាស់សម្ភារៈ ហាមឃាត់មួយចំនួន និងបានចុះផ្សាយ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ម្ដងទៀត ដោយលើកឡើងថា “បទល្មើសនេសាទ ក្នុងទន្លេសាប៖ ការបង្ក្រាបមិនដែលចាប់ជនល្មើស ជាថៅកែ ឬម្ចាស់សំណាញ់អួនធំៗទាំងនេះ យកមកកាត់ទោស និងផ្តន្ទាទោសតាមច្បាប់ម្ដងណាសោះ! នេះគឺគ្រាន់លើកកម្លាំង ទៅកាប់តែបង្គោលមងខ្លះ បណ្ដែតចោលក្នុងទន្លេ រួចជាន់ស្បៃមងខ្លះពន្លិច ចូលក្នុងទឹកដីរួចស្រេច ហៅថាបង្ក្រាបហើយ…។
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសបដិសេធចោលទាំងស្រុង ហើយថាជាការលើកឡើង គ្មានមូលដ្ឋានច្បាស់លាស់ខុសពីការពិត មិនបានសិក្សាឲ្យស៊ីជម្រៅ លើការអនុវត្តគោលការណ៍ នីតិវិធីច្បាប់ និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររបស់រដ្ឋបាលខេត្ត ធ្វើឲ្យសាធារណជន ក្នុងនិងក្រៅប្រទេស មានការភាន់ច្រឡំ ។ ក្រុមការងាររបស់រដ្ឋបាលខេត្ត បាននិងកំពុងខិតខំទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងការអនុវត្តភារកិច្ចដ៏ម៉ឹងម៉ាត់នេះ ។ សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា មុនចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច កាលពីដើមឆ្នាំ២០២០ លោកគឺជាអតីតប្រធានគណបក្សអំណាចខ្មែរ ។ សព្វថ្ងៃ លោកជាមន្ត្រីរាជរដ្ឋាភិបាល មានឋានៈជា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ៕