ព័ត៌មានជាតិ

ក្រសួង សុខាភិបាល រំលឹកពលរដ្ឋ ឱ្យ ប្រុងប្រយ័ត្ន ចំពោះជំងឺអុតស្វា ទោះបីកម្ពុជា មិនទាន់មានករណីឆ្លង (Video)

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះជំងឺអុតស្វា ទោះបីគិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមិនទាន់មានករណី ឆ្លងជំងឺនេះក៏ដោយ ។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល ចេញផ្សាយនាថ្ងៃទី១១ កក្កដា នេះ លោក ម៉ម ប៊ុនហេង បានថ្លែងថា «សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍យើង ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការ បង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ»។

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (PAHO/WHO) បានបញ្ជាក់ពីករណីអុតស្វាចំនួន ៧.៨៩២ និងស្លាប់ ៣នាក់ ត្រូវបានរាយការណ៍ពី ៦៣ប្រទេស ក្នុងតំបន់ ចំនួន ៥ របស់អង្គការសុខភាពពិភពលោក (តំបន់អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេខាងកើត និងអាស៊ីប៉ាស៊ីហ្វិកខាងលិច) ក្នុងនោះ ៩៨ភាគរយ នៃករណីអុតស្វា កើតមានពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

ផ្ទាំងពាណិជ្ជកម្ម

បើតាមការរាយការណ៍បង្ហាញថា មានការរាតត្បាត នៃជំងឺអុតស្វា បន្តកើតមានជាចម្បងលើបុរស ដែលរួមភេទជាមួយបុរស ជាមួយដៃគូថ្មី ឬច្រើននាពេលថ្មីៗនេះ ។ ខណៈដែលការស៊ើបអង្កេតអេពីដេមីសាស្ត្រ អំពីការរាតត្បាតកំពុងបន្ត ករណីជំងឺអុតស្វាដែលបានរាយការណ៍ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់ សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំសុខភាព បឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិ នៃការធ្វើដំណើរជាចម្បងទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេងទៀត ដែលមានលេចឡើងនៅការឆ្លងរាតត្បាតនៃជំងឺនេះ។

លើសពីនេះទៀត គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ប្រទេសសិង្ហបុរី ក៏បានរកឃើញករណីជំងឺអុតស្វាសរុប ៤ករណី ដែល ៣ករណីនាំចូលមកពីបរទេស និង១ករណី កើតមានក្នុងប្រទេសរបស់ខ្លួន ៕

To Top