ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់ ១ នាក់របួស ២ នាក់នៅស្រុកក្រគរ!

ពោធិសាត់: បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹង ២ នាក់ទៀត បានរងរបួសធ្ងន់ និង ស្រាល ដោយសារតែជិះម៉ូតូបញ្ច្រាសទិសគ្នា ហើយបើកឆ្លងគន្លងផ្លូវពីម្ខាង ទៅផ្លូវម្ខាងទៀត មិនប្រយ័ត្ន ត្រូវរថយន្តបុក កាលពីវេលាម៉ោងជាង ១២ រំលងអាធ្រាតឆ្លងចូលថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១៥១-១៥២ ក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកក្រគរ បានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នោះ មានឈ្មោះហូ ចាន់ណេត ភេទប្រុសអាយុ ២១ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ។

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា ចំពោះរថយន្តបង្ក ម៉ាកស៊ុំាយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ 2W9360 ព្រមទាំងម៉ូតូជនរងគ្រោះ ត្រូវបានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ដើម្បីធ្វើការដោះស្រាយ ចំណែកសាកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top