ព័ត៌មានជាតិ

ផ្លូវជាតិលេខ៤ អាចផ្អាកឲ្យធ្វើដំណើរ ជាបណ្ដោះអាសន្ន (មានវីដេអូ)

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងករណីភ្លៀងនៅតែបន្ដធ្លាក់ថែមទៀតនោះ នឹងបណ្ដាលឲ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំងឡើង ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដោយនឹងអាចឈាន ទៅផ្អាកចរាចរជាបណ្ដោះអាសន្ន។

ខណៈមេឃកំពុងតែបន្តភ្លៀងធ្លាក់ រដ្ឋបាលខេត្តព្រះសីហនុបានសេចក្ដីជូនដំណឹងពីការជនលិចផ្លូវជាតិលេខ៤ ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត គឺបន្ទាប់ពីទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ បណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមភូមិឋានប្រជាពលរដ្ឋក្នុងតំបន់ខ្លះនៃស្រុកកំពង់សីលា ព្រមទាំងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង។

លិខិតបញ្ជាក់ថា «ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្ដាលឲ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំង នឹងអាចឈានទៅផ្អាកចរាចរជាបណ្តោះអាសន្នត្រង់ចំណុចខាងលើនាពេលខាងមុខនេះ។ បច្ចុប្បន្ននេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ តាមដានស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រដែលកំពុងលិចលង់នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត» ។

បញ្ជាក់បន្ថែមពីលើលិខិតរបស់រដ្ឋបាលខេត្តនេះ លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងដែរថា ទឹកហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះនេះ មានកម្ពស់ជិត១តឹក ប៉ុន្តែលោកថា ទោះបីជាយ៉ាងណាមិនទាន់មានការបិទផ្លូវនៅឡើយនោះទេ ៕

To Top