ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ធ្វើពិធីអបអរ ការបញ្ជូនសម្បត្តិ វប្បធម៌ខ្មែរ២៧រូប មកកម្ពុជាវិញ (Video)

ភ្នំពេញ ៖ នាថ្ងៃទី១៣ កក្កដា នៅសារមន្ទីរជាតិកម្ពុជា មានការរៀបចំពិធីអបអរសាទរ ការបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ ចំនួន២៧រូប ដែលត្រូវបានលួចនាំ ចេញដោយខុសច្បាប់ ត្រឡប់មកកម្ពុជាវិញ ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រីភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងលោក Daniel J, Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ។

នាឱកាសនោះ លោក Daniel J, Kritenbrink បានថ្លែងសង្កត់ធ្ងន់ ពីអនុស្សារណយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ ។ លោកកោតសរសើរដល់កិច្ចខិតខំរួមគ្នា របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវី ប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌កម្ពុជា និង ស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិ និវត្តន៍ នៃវត្ថុបុរាណចំនួន២៧រូបនេះ ។

លោកស្រី ភឿង សកុណា ក៏បានថ្លែងអំណរ គុណដល់អាមេរិក ទាំងពេលវេលា និង ធនធាន ក្នុងការប្រយុទ្ធប្រឆាំង នឹង ការជួញដូរ ដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ តាមរយៈជំនួយពីមូលនិធិ ឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ ជាពិសេស លោកស្រីរីករាយ ទទួលបានជំនួយបន្ថែមទៀត សម្រាប់គម្រោងជួសជុល ប្រាសាទព្រះវិហារ ។

ក្នុងពិធីនោះដែរ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសពីអំណោយថវិកាថ្មីមួយទៀត របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ សម្រាប់គម្រោងជួសជុលប្រាសាទព្រះវិហារ ។

លោកថា «សហរដ្ឋអាមេរិកមានមោទកភាព ចំពោះការរួមចំណែករបស់ខ្លួន ដល់ការខិតខំក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ របស់ប្រទេសកម្ពុជា និងការខិតខំរួមគ្នារបស់យើង ក្នុងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ នូវវត្ថុបុរាណ ដែលមិនអាចកាត់ថ្លៃ បានពីសហរដ្ឋអាមេរិក»។

សូមបញ្ជាក់ថា សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូបដែលរឹបអូស បានដោយការិយាល័យរដ្ឋអាជ្ញា នៃសង្កាត់ម៉ានហាឋាន ក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយអនុលោមតាមអនុស្សារណៈ នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួន ផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងសម័យអង្គរ ដូចជា៖ ព្រះពុទ្ធរូប គង់សមាធិលើនាគធ្វើពីសំរឹទ្ធ, រូបព្រះឥសូរ និងរូបនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ ៕

To Top