ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសុំស្ថិតនៅក្រៅឃុំ របស់អតីតមេបញ្ជាការ PM ក្រុងក្រចេះ ជាប់ពាក់ព័ន្ធនឹងការវាយ ធ្វើទារុណកម្មកុមារី បម្រើ២នាក់ និង បង្ខំឱ្យ ជនរងគ្រោះ សំពះខ្មោចឆ្កែ និង ស៊ីអាចម៍ឆ្កែ

ភ្នំពេញ : តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ នេះ ធ្វើការជំនុំជម្រះ លើកបណ្តឹងសារទុក្ខ ស្នើសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់អតីតមេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះម្នាក់ ដែលចាប់ឃាត់ និង ឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ នៅខេត្តក្រចេះ។

អតីតមេបញ្ជាការ កងរាជអាវុធរូបនេះ ជាប់ពាក់ព័ន្ធ នឹងបទល្មើស ការធ្វើទារុណកម្ម-អំពើឃោរឃៅ មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ- ហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោសទាក់ទង នឹងជនរងគ្រោះ និង ការគំរាមកំហែងថានឹងសម្លាប់- ដោយមានការចោទប្រកាន់ថា គាត់បានវាយ ធ្វើទារុណកម្ម ក្មេងស្រីចំនួន២នាក់ ដែលខ្ញុំបម្រើ និង បានបង្ខំឱ្យជនរងគ្រោះ សំពះខ្មោចឆ្កែ របស់ជនជាប់ចោទ និង ឱ្យស៊ីអាចម៍ឆ្កែ ដោយសារតែ ជនរងគ្រោះបានធ្វើឲ្យសត្វទំនើង មួយក្បាល របស់ជនជាប់ចោទងាប់ ប្រព្រឹត្តនៅ ហាងយីហោ លាង ហ៊ុយ លក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃទំនើប នៅ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពី អំឡុងឆ្នាំ២០២១ ។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះនៃ តុលាការកំពូល បានអោយដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ ៤២ឆ្នាំ (ជាអតីត មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ) មានទីលំនៅ នៅចំណុចកើតហេតុខាងលើ។

ចំណែកក្មេងស្រីរងគ្រោះទាំង ២នាក់មានឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងម្នាក់ទៀត ឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ។

អ្នកទាំង២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និង ជាអ្នកបម្រើអោយក្រុមគ្រួសាររបស់ជនជាប់ចោទ មានទីលំនៅ ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ទេព ហ៊ុយ ត្រូវបាន សាលាដំបូង ខេត្តក្រចេះ កាលពីថ្ងៃ ទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានចាប់ខ្លួន និង បង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ពីបទ ” ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ, គំរាមកំហែងថានឹងសម្លាប់ តាមបញ្ញាត្តិមាត្រា ២១១, ២១៩, ៣៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

ជនជាប់ចោទ ឈ្មោះ ទេព ហ៊ុយ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែ តុលា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ម្តាយរបស់កុមារីរងគ្រោះ។

តុលាការកំពូលនឹងប្រកាសដីកា សាលដីកាលើ សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ នេះ ៕

ដោយ: លីហ្សា

To Top