ព័ត៌មានជាតិ

ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាមើលឃើញពីតួនាទីកាន់តែសំខាន់ របស់ប្រទេស BRICS ដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ ក្នុងនាមជាប្រធានប្តូរវេណ អាស៊ាន នៅឆ្នាំ២០២២នេះ កម្ពុជាសង្ឃឹមថា អាស៊ាន នឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស BRICS ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ជាពិសេស ការស្តារឡើងវិញក្រោយការរាតត្បាត។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន វិទ្យុមិត្តភាពកម្ពុជា-ចិននៃវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នាពេលថ្មីៗនេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា មានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតប្រទេស BRICS មក ពួកគេតែងតែផ្តោតលើការអភិវឌ្ឍ ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។  ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេស BRICS កាន់តែមានឥទ្ធិពលលើឆាកអន្តរជាតិ។  ស្ថិតក្រោមបញ្ហាប្រឈម នៃការរាតត្បាត នៃសតវត្សនេះ ប្រទេស BRICS បានដើរតួនាទីកាន់តែសំខាន់ ក្នុងនោះ បណ្តាប្រទេស BRICS គឺជាកម្លាំងជំរុញសម្រាប់ការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាត ក៏ដូចជាកម្លាំងជំរុញដ៏សំខាន់ សម្រាប់សន្តិភាព វិបុលភាព និងការធ្វើពិពិធកម្មពិភពលោក។ 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ BRICS ជាពិសេស ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ BRICS+ ឆ្លុះបញ្ចាំងពីស្មារតីពហុភាគីនិយម អាចឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក្នុងសម័យកាល ប្រកបដោយប្រសិទ្ធភាព ហើយនឹងអាចឱ្យប្រទេស BRICS តំណាងឱ្យសំឡេងនៃទីផ្សារ ដែលកំពុងរីកចម្រើនកាន់តែប្រសើរឡើង។ 

ជារួម ក្នុងនាមជាប្រធានប្តូរវេណ អាស៊ាន នៅឆ្នាំ២០២២ កម្ពុជាសង្ឃឹមថា អាស៊ាននឹងធ្វើការជាមួយ BRICS និងសមាជិកដទៃទៀតនៃសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ជាពិសេស ការស្តារឡើងវិញក្រោយការរាតត្បាត បញ្ហាសន្តិសុខស្បៀង និងថាមពល ដើម្បីសម្រេចបានឆ្នាំ២០៣០ ក្រោមរបៀបវារៈ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និង ផ្តល់កម្លាំងរុញច្រានថ្មី នេះគឺជាការគូសបញ្ជាក់បន្ថែម របស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

គួរបញ្ជាក់ថា បណ្តាប្រទេស BRICS រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ថ្មីៗនេះដែរ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋចិន Xi Jinping  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស «ប្រ៊ីកបូក (BRICS Plus)» ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មី ដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ហើយកិច្ចសន្ទនានេះដឹកនាំដោយប្រធានរដ្ឋចិន Xi Jinping ។ បើតាមសុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនា ដ៏មានសារៈសំខាន់នេះ សម្តេច បានថ្លែងផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្តារសេដ្ឋកិច្ចទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាស សន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់ នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើវិធានច្បាប់៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top