នយោបាយ

ជោគជ័យការបោះឆ្នោតឃុំ-សង្កាត់ បញ្ជាក់ថា ប្រជាជនត្រូវការតួនាទី របស់គណបក្សប្រជាជន ដឹកនាំប្រទេស

ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានកិត្តិយស នៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជោគជ័យនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បញ្ជាក់ថា ប្រជាជនកម្ពុជា នៅតែត្រូវការតួនាទី របស់គណបក្សប្រជាជន ក្នុងការដឹកនាំប្រទេសបន្តទៀត។

ថ្លែងនៅក្នុងសន្និបាតវិសាមញ្ញ របស់គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេច ហេង សំរិន បានមានប្រសាសន៍ថា “លទ្ធផលនៃការអនុវត្តទិសដៅ គោលការណ៍ គោលនយោបាយ សេចក្ដីណែនាំ និងសេចក្ដីសម្រេចចិត្តនានា របស់ថ្នាក់កណ្ដាល បានធ្វើឱ្យតួនាទីដឹកនាំ របស់គណបក្សកាន់តែលេចធ្លោ ទាំងនៅក្នុង និងក្រៅប្រទេស ហើយជោគជ័យ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បញ្ជាក់ថា ប្រជាជនកម្ពុជា នៅតែត្រូវការតួនាទី របស់គណបក្សប្រជាជនបន្តទៀត ក្នុងការដឹកនាំកម្ពុជា”។

សម្ដេច ហេង សំរិន ក៏បានលើកឡើង អំពីលក្ខណៈពិសេស របស់គណបក្សប្រជាជនថា៖ ជាគណបក្សដែលមានភាពត្រឹមត្រូវ ខាងនយោបាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធ ចាត់តាំងរឹងមាំ ធនធានមនុស្ស ប្រកបដោយគុណធម៌ និងសមត្ថភាពសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបធ្វើការងារត្រឹមត្រូវ។ ទាំងអស់នេះធ្វើឱ្យយើងជម្នះ បាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យ នូវរាល់ឧបាយកល របស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញ ដល់ដំណើរការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។

សម្ដេច បានបញ្ជាក់ថា កម្មវត្ថុនៃការពិភាក្សា របស់អង្គសន្និបាតនៅពេលនេះ គឺជាការស្វែងរកឱ្យឃើញ នូវរាល់ហេតុ និងផល ទាក់ទងដល់លទ្ធផល នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ ដើម្បីមានមូលដ្ឋានជំរុញធ្វើឱ្យ គណបក្សទទួលបានជ័យជម្នះ នៅការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣ ខាងមុខ ៕

To Top