ព័ត៌មានជាតិ

ឃាត់ខ្លួនខ្មែរអ៊ីស្លាមម្នាក់ ពាក់ព័ន្ធអំពើឃាតកម្ម ចាក់បងប្រុសស្លាប់ រួចយកសាកសព ទៅកប់ចោល ដើម្បីបំបាត់ភស្តុតាង

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ១៨ ខែ កក្ដដា ឆ្នាំ ២០២២នេះ បានចាប់ឃាត់ខ្លួន ស្រ្តីសង្ស័យ ជាជនជាតិខ្មែរ អ៊ីស្លាមម្នាក់ ជាប់ពាក់ព័ន្ធអំពើឃាតកម្ម ដោយធ្វើសកម្មភាព ចាក់បងប្រុសបង្កើត បន្ទាប់ពីកើតមានជម្លោះពាក្យសម្តីជាមួយនឹងគ្នា បណ្តាលឱ្យរងរបួសធ្ងន់ រួចក៏ ត្រូវបានស្លាប់ នៅពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ទើបដឹកសពត្រឡប់មកវិញ រួចក៏រៀបចំបញ្ចុះ តាមបែបសាសនាអ៊ីស្លាម ដោយមិនបានផ្តល់ដំណឹង និងស្នើសុំលិខិតបញ្ជាក់អ្វីទាំងអស់ពីអាជ្ញាធរ ដើម្បីបំបាត់ភស្តុតាង ។

ហេតុការ ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលសង្កាត់ច្រាំងចំរេះទី២ បានអោយដឹងថា ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រូបនេះ មានឈ្មោះម៉ាសត៍ អាយុ៤០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត របស់ជនរងគ្រោះ ស្នាក់នៅផ្ទះជាមួយគ្នា ។ ចំណែកឯ សាកសពជនរងគ្រោះ មានឈ្មោះ ឡោះ សុគ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលាងម៉ូតូ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

សមត្ថកិច្ចនគរបាលបាននិយាយថាៈ នៅវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងទីតាំងខាងលើ មានការឈ្លោះ ប្រកែកគ្នា រវាងបងប្អូន រហូតឈានដល់ការប្រើហិង្សា កាប់ចាក់គ្នា បណ្តាលឱ្យបុរសម្នាក់មានរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយសារអ្នកជំងឺរបួសធ្ងន់ ទើបស្លាប់នៅមន្ទីរពេទ្យ តែម្តងទៅ។

លុះដល់ម៉ោង ១០យប់ ថ្ងៃដដែល សពជនរងគ្រោះ ត្រូវបានបញ្ជូនមកផ្ទះកើតហេតុវិញ រហូតដល់ម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានទទួលដំណឹងនេះ រួចទៅធ្វើការសាកសួរ នៅឯផ្ទះកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា តាមការបំភ្លឺរបស់ស្ត្រីជាម្តាយ អះអាងថា កូនប្រុសរបស់ខ្លួន មានឈ្មោះឡោះ សុគ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបច្ចុប្បន្ន លាងម៉ូតូ បានទទួលមរណភាព ដោយសារជំងឺសួតរ៉ាំរ៉ៃ រយៈពេល ១០ឆ្នាំមកហើយ។ ក្នុងករណីនេះ សមត្ថកិច្ចមិនអាចពិនិត្យសពបានទេ បើសិនគ្មានការដាក់ពាក្យបណ្តឹង ។

ក្នុងករណីនេះ ស្រាប់តែនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃដដែល ក៏ផ្ទុះការសង្ស័យថា ករណីខាងលើ អាចជាករណីឃាតកម្ម ដោយប្អូនស្រីខឹងបងប្រុសរបស់ខ្លួន រួចទាញវត្ថុមុតស្រួច ចាក់ទៅលើជនរងគ្រោះ រហូតរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។

ការសង្ស័យនេះ បានភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ ដោយសារក្រុមគ្រួសារសព បានយកសពទៅបញ្ចុះ ដោយគ្មានលិខិតស្នាមដឹងឮពីសមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះម៉ាសត៍ អាយុប្រមាណ៤០ឆ្នាំ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ។

បន្ទាប់ពីសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ បានទទួលដំណឹងនេះ រួចចុះដល់ទីតាំងកើតហេតុ បើកការស៊ើបអង្កេត រហូតឈានដល់ការគាស់ផ្នូរសពជនរងគ្រោះ ដើម្បីយកសពមកធ្វើការត្រួតពិនិត្យ ព្រោះយោងតាមលិខិតបញ្ជាក់ពីមន្ទីរពេទ្យ បង្ហាញថា នៅលើសព មានស្នាមរបួស មិនមែនស្លាប់ដោយសារជំងឺនោះទេ។

បច្ចុប្បន្ននេញះ សមត្ថកិច្ចនគរបាលជំនាញ កំពុងធ្វើការសាកសួរស្ត្រីសង្ស័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ជាធរមាន៕

លីហ្សា

To Top