ព័ត៌មានជាតិ

សាលាដំបូងរាជធានីភ្នំពេញ ជំនុំជម្រះជនជាប់ចោទ ជនជាតិចិន៩នាក់ ជាប់ពាក់ព័ន្ធនឹង ការប៉ុនប៉ងដឹកជញ្ជូន គ្រឿងញៀនជិត៣៥០ គីឡូក្រាម ទៅប្រទេសទីបី តាមសមុទ្រ

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ ជនជាតិចិន ចំនួន ៩នាក់ ជាប់ពាក់ព័ន្ធនឹងការ ប៉ុនប៉ងដឹកជញ្ជូន និង ជួញដូរគ្រឿង ឆ្លងដែនជិត ៣៥០គីឡូក្រាម ពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសទី៣ តាមកប៉ាល់ទឹក តាមផ្លូវសមុទ្រ កាលពី ឆ្នាំ ២០២១ ។

លោក ញឹម ពិសាល ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទទាំង៩នាក់ឈ្មោះ ៖ ទី ១-ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេក្លោង)។ ទី ២-ឈ្មោះ LI YI NAN ភេទប្រុស កើតឆ្នាំ១៩៨៣ ។ ទី ៣-ឈ្មោះ SUN LIANG ភេទប្រុស កើតឆ្នាំ១៩៧៩ ។ ទី ៤-ឈ្មោះ SUN HAI TAO ភេទប្រុស កើតឆ្នាំ១៩៨០ ។ ទី ៥-ឈ្មោះ LIU WEI CHENG ភេទប្រុស កើតឆ្នាំ១៩៦៩ ។ ទី ៦-ឈ្មោះ CHEN ZHI QUAN ភេទប្រុស កើតឆ្នាំ១៩៥៥ ។ ទី ៧-ឈ្មោះ WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០ ។ ទី ៨-ឈ្មោះ WANG YUE ភេទប្រុស កើតឆ្នាំ១៩៨២ ។ និង ទី ៩-ឈ្មោះ ZHU XIAO FEI ភេទប្រុស កើតឆ្នាំ១៩៨២ ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទចិនទាំង ៩នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ: រក្សាទុក ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង បទលាងសម្អាតប្រាក់។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២១ ។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន ដកហូតបាន គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) សរុបរួមទម្ងន់ ៣៤៧ គីឡូក្រាម ៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) -ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង -សម្ភារៈវេចខ្ចប់មួយចំនួន រថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973 – ម៉ូតូ ១គ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946 – ទូរស័ព្ទដៃ ចំនួន ១០គ្រឿង និងប្រាក់៣០០ ដុល្លារអាមេរិក។

សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម ដំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ខាងមុខនេះ ៕

ដោយ: លីហ្សា

To Top