ព័ត៌មានជាតិ

របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន ជាក្ដីរំពឹងទុករបស់ ប.ស.ស. កំពុងក្លាយជាពិត ក្នុងការផ្ដល់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិត

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឡើងថា៖ តាមរយៈការខិតខំប្រឹងប្រែង ដោយស្មារតីសហការ និងសាមគ្គីភាពផ្ទៃក្នុង អស់រយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ ប.ស.ស. បានទទួលជោគជ័យ ក្នុងការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គម ចំនួន២ រួចមកហើយ ដែលក្នុងនោះរួមមាន (១)ផ្នែកហានិភ័យការងារ និង(២)ផ្នែកថែទាំសុខភាព ហើយរហូតមកដល់ពេលនេះ ប.ស.ស. បានសម្រេចក្ដីស្រមៃរបស់ខ្លួន មកដល់ចំណុចដែលបានរំពឹងទុក គឺបានអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ឱ្យទទួលបានប្រាក់ចូលនិវត្តន៍ ដូចទៅនឹងមន្រ្តីរាជការផងដែរ ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ និងមិនអាចបំភ្លេចបាន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែល លោកអគ្គនាយក ប.ស.ស. អញ្ជើញជាអធីបតីភាព​ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ស្ដីពីការពង្រឹងការងារអធិការកិច្ច និងការគ្រប់គ្រងរដ្ឋបាល ជូនដល់ថ្នាក់ដឹកនាំ លោក លោកស្រី ប្រធាន  អនុប្រធាន សាខា ប.ស.ស.  ខេត្ត ក្រុង ស្រុក ខណ្ឌ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបប្រមាណ ១៥០នាក់ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ។

លោកអគ្គនាយក ប.ស.ស.  បានថ្លែងបន្ថែមថា៖ ការអនុវត្តវិស័យសន្ដិសុខសង្គម ជាការរួមចំណែកមួយដ៏ល្អ សម្រាប់លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនកម្មករនិយោជិត​ ឱ្យកាន់តែប្រសើរឡើង ជាពិសេសការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននេះ ទទួលបានការសាទរ និងការគាំទ្រយ៉ាងក្លៀវក្លា ពីសំណាក់បងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជន ដែលនេះគឺជាការបោះជំហាន ទៅមុខមួយជំហានទៀត នៃវិស័យសន្ដិសុខសង្គមកម្ពុជា ដូចទៅនឹងបណ្ដាប្រទេស ដ៏ទៃទៀតផងដែរ។

លោកអគ្គនាយក ប.ស.ស. ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់បេឡាជាតិសន្ដិសុខសង្គម ដែលបានរួមចំណែកខិតខំប្រឹងប្រែង បំពេញការងារសម្រេចបាន នូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទកៈ។

ដោយឡែកបន្ទាប់ពីទទួលបាន វគ្គបណ្តុះបណ្តាល រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២២ នេះ ថ្នាក់ដឹកនាំ សាខា  ប.ស.ស.  ខេត្តក្រុង  ស្រុក  ខណ្ឌ នឹងបន្ដពង្រឹងការអនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើកកម្ពស់គុណភាព នៃការផ្ដល់សេវា និងដាក់ចេញនូវទិសដៅ ក្នុងការអនុវត្តការងារបន្ដឱ្យកាន់តែមានប្រសិទ្ធភាព  ដោយអនុលោមតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម ក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងធានាសន្ដិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម ដល់សមាជិក ប.ស.ស. ទាំងវិស័យសាធារណៈ និងវិស័យ ឯកជន ក៏ដូចជាក្រុមគោលដៅផ្សេងៗ ជាបន្តបន្ទាប់ទៀត ប្រកបដោយភាពជោគជ័យ៕

To Top