ព័ត៌មានជាតិ

ប្រធានសាខាកាកបាទ ក្រហម ខេត្តកំពង់ចាម ជំរុញមន្ត្រីឲ្យបង្កើន ការងារមនុស្សធម៌ខ្លាំងក្លា ថែមទៀត សម្រាប់ឆមាសទី២

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ឆមាសទី១ ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា ប្រធានសាខា បានជំរុញឱ្យមន្ត្រី ខិតខំធ្វើកិច្ចការមនុស្សធម៌ ឱ្យបានខ្លាំងក្លាថែមទៀត សម្រាប់ ឆមាសទី ២ នៃឆ្នាំ ២០២២នេះ ។

បន្ទាប់ពីបានស្ដាប់ របាយការណ៍ របស់លោក ទូច ឆៃ នាយកប្រតិបត្តិសាខា អំពីវឌ្ឍនភាពការងារ របស់សាខា រយៈពេល ឆមាសទី១ និងទិសដៅ សម្រាប់អនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថា ក្នុងឆមាសទី១ កន្លងទៅនេះ មន្ត្រីនៃសាខាកាកបាទក្រហម ខេត្តកំពង់ចាម បានធ្វើអំពើល្អ លើកិច្ចការមនុស្សធម៌ ដល់ប្រជាពលរដ្ឋ បានទូលំទូលាយរួចហើយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់ឆមាសទី ២ ក្នុងឆ្នាំ ២០២២នេះ ត្រូវត្រួតពិនិត្យមើលបន្ថែមទៀត នូវចំណុចខ្វះចន្លោះ ដើម្បីបង្កើនការធ្វើអំពើល្អ ដូចជាការផ្ដល់អំណោយជាផ្ទះ , ការព្យាបាល , ការបណ្តុះបណ្តាល , ការអប់រំ , ការលើកទឹកចិត្តឲ្យគោរពច្បាប់ ចរាចរ ជាដើម ត្រូវតែធ្វើសកម្មភាព ឱ្យបានខ្លាំងក្លាជាមុន ។

ម្យ៉ាងទៀតត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ កើតឡើង នឹង ការរៀបចំផែនការ បន្ត ចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត៎ការឆ្លង នៃជម្ងឺរាតត្បាតនានា ទាំងជម្ងឺគ្រុនឈីក គ្រុនឈាម រួមទាំងជម្ងឺកូវីដ-១៩ តាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ លើកកំពស់សមត្ថភាពមន្ត្រី រួមជាមួយ ការអប់រំថែបំប៉ន យុវជន អ្នកស្ម័គ្រចិត្តបណ្តាញការងារ នៅសហគមន៍ ឲ្យពួកគេក្លាយជា ប្រតិបត្តិករ ដែលមិនអាចខ្វះបាន ក្នុងការបំពេញបេសកកម្ម មនុស្សធម៌ដ៏ឧត្តុង្គឧត្តម ជូនកាកបាទក្រហមកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ អង្គប្រជុំ បានឯកភាពលើសេចក្តីសម្រេច របស់កាកបាទក្រហមកម្ពុជា ស្តីពីការទទួលស្គាល់ លោក អ៊ឹង វិសុទ្ធ ជាសមាជិកគណ:កម្មាធិការសាខា និង លោក ស៊ាន សុគុន , លោក សុខ លឹមហៀង ជាសមាជិកបំរុងផងដែរ ៕

To Top