ព័ត៌មានជាតិ

ក្រុមសម្តែងក្នុងវិដេអូ “សុំចូលអង្គុយ​ ក្នុងឡានផងបានអត់? ស្រីស្អាតសុំ” យល់ព្រមសុំទោស ជាសាធារណៈ

ភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទិ២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានស្រាវជ្រាវរកឃើញ ក្រុមសម្តែងក្នុងឃ្លីបវិដេអូ “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” គឺពួកគេកំពុងរស់នៅប្រទេសថៃ ។ ក្រោយរកឃើញ សមត្ថកិច្ចបានឲ្យពួកគេ ចេញមកសុំទោស និងលុបឃ្លីបវិដេអូនោះ ចេញផងដែរ ហើយពួកគេក៏យល់ព្រម ។

ក្នុងវិដេអូនោះ បង្ហាញសកម្មភាពទាក់ទង ទៅនឹងការសម្តែងបែបអសីលធម៌ (ដោយមនុស្សស្រីម្នាក់ក្នុងចំណោម២នាក់ បានស្រាតខោលីអូរបស់ខ្លួន ហើយសុំចូលទៅអង្គុយក្នុងឡាន ជាមួយបុរសម្នាក់)។

វិដេអូនេះបានធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃ ពីសំណាកអ្នកចូលចិត្តលេង បណ្តាញសង្គមហ្វេសប៊ុក ។

វិដេអូនេះ បង្ហោះក្នុងគណនីផេកហ្វេសបុកមួយ ដែលមានឈ្មោះថា KHEM YANG Online ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីនេះ ក្រុមការងារបានរកឃើញថា ទាំងម្ចាស់គណនីហ្វេសបុក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ គឺកំពុងរស់នៅក្នុងប្រទេសថៃ។

សូមបញ្ជាក់ថា ការសម្តែងនេះគឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ។ ក្រុមការងារស្នងការក៏បានទាក់ទងទៅម្ចាស់គណនី ហើយម្ចាស់គណនីក៏បានឯកភាព លុបឃ្លីបវីដេអូចេញ ថែមទាំងនឹងធ្វើវីដេអូសុំទោស ជាសាធារណៈនូវកំហុសរបស់ខ្លួន ហើយផុសក្នុងគណនីផេកហ្វេសបុករបស់ខ្លួនផងដែរ ៕

To Top