ព័ត៌មានជាតិ

ការអភិវឌ្ឍវិស័យ ប្រៃសណីយ៍នៅកម្ពុជា នៅមានកម្រិត ដោយសារងាយរង ផលប៉ះពាល់ពីកត្តាខាងក្រៅ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា នៅមានកម្រិតនៅឡើយ ដោយវិស័យនេះ ងាយទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ និងមានប្រភពចំណូលតូចចង្អៀត ខណៈវិសាលភាព នៃការផ្តល់សេវា ក៏មិនទាន់បានទូលំទូលាយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង សេដ្ឋកិច្ច ស្ដីពីកិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍន៍ វិស័យប្រៃសណីយ៍ ២០២២-២០៣០ នាថ្ងៃទី២៧ កក្កដា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការ ធ្វើពិពិធកម្មសេដ្ឋកិច្ចជាអាទិភាព ដោយផ្តោតលើការអភិវឌ្ឍវិស័យ គន្លឹះៗ ដែលក្នុងនោះ វិស័យប្រៃសណ៍យ៍ ត្រូវបានចាត់ទុកថាមានសក្តានុពលខ្ពស់ ក្នុងការចូលរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចដោយផ្ទាល់ តាមរយៈការបង្កើតការងារ ក្នុងវិស័យប្រៃសណីយ៍ និងដោយប្រយោល តាមរយៈការ ទ្រទ្រង់ដល់វិស័យដ៏ទៃទៀត ជាពិសេស ចូលរួមចំណែកទ្រទ្រង់ ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce), គាំទ្រដល់ពិពិធកម្ម សេដ្ឋកិច្ចកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចិភាព និងបរិយាបន្ន ។

ក្រសួងលើកឡើងថា “ទោះបីជាយ៉ាងនេះក្តី ការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា នៅមានកម្រិតនៅឡើយ ដោយវិស័យនេះ ងាយទទួលរង ផលប៉ះពាល់ពីកត្តាខាងក្រៅ និងមានប្រភពចំណូលនៅតូចចង្អៀត ហើយវិសាលភាពនៃការផ្តល់សេវា ក៏មិនទាន់បានទូលំទូលាយ ។ ការណ៍នេះ បណ្ដាលមកពីបញ្ហាប្រឈមចម្បងៗ មួយចំនួនដូចជា ការខ្វះខាត បទដ្ឋានគតិយុត្ត, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, បណ្តាញប្រៃសណីយ៍, ការធ្វើពិពិធកម្ម និងទំនើបកម្មសេវាប្រៃសណីយ៍, យន្តការគ្រប់គ្រងការធ្វើអាជីវកម្មរបស់ផ្នែកឯកជន, យន្តការលើកកម្ពស់គុណភាព នៃការផ្តល់សេវា និងប្រព័ន្ធអេកូ ឡូហ្ស៊ីឌីជីថល ជាដើម” ។

ក្នុងគោលដៅ ធ្វើឲ្យវិស័យប្រៃសណ៏យ៍ សម្រេចបានសក្តានុពលពេញលេញ ជាវិស័យចូលរួមចំណែក គាំទ្រពិពិធកម្ម សេដ្ឋកិច្ចកម្ពុជា, ការរៀបចំគោល នយោបាយអភិវឌ្ឍន៍ វិស័យប្រៃសណីយ៍ ២០២២- ២០៣០ ជាកិច្ចការចាំបាច់ ដែលនឹងដើរតួនាទីជាប្រទីបនាំផ្លូវឆ្ពោះទៅរកការឆ្លើយតប និងដោះស្រាយ បញ្ហាប្រឈម ៕

To Top