ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ចូលរួមកម្មវីធីសម្ពោធ ជាផ្លូវការ រោងចក្រផលិតស្រាបៀ អ៊ិនធើ-ម៉ាទ្រីដ បេវើរិច

ភ្នំពេគ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ចូលរួមក្នុងកម្មវីធី សម្ពោធជាផ្លូវការ រោងចក្រផលិតស្រាបៀ អ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) នៅក្នុងភូមិស្តៅកន្លែង ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។

លោកបណ្ឌិត សូមសម្តែងនូវការអបអរសាទរ ចំពោះព្រឹត្តិការណ៍ដ៏វិសេសវិសាល របស់ក្រុមហ៊ុនអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) ដែលជាការ ចូលរួមចំណែកជំរុញពិពិធកម្ម និងពង្រឹងផលិតកម្មក្នុងស្រុក ដោយអាចបង្កើតការងារ បានរហូតដល់ទៅ ៥៥០ កន្លែងនៅក្នុងរោងចក្រផ្ទាល់ ក៏ដូចជាការចូលរួមចំណែក បង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀត នៅកម្ពុជា។

លោក លើកឡើងថាព្រឹតិ្តការណ៍នេះ បានបង្ហាញឱ្យឃើញ អំពីសក្តានុពលនៃវិស័យវិនិយោគនៅកម្ពុជា ហើយក៏ជាការគាំទ្រ ដល់ការបោះជំហានទៅមុខ នៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី ”ឧស្សាហកម្មអតិពលកម្ម“ ឈានទៅជា “ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា” ដូចមានកំណត់នៅក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល ។

លោក រំលឹកថា នៅមុនវិបត្តិកូវីដ-១៩ ក្នុងរវាង ២០ឆ្នាំ ចន្លោះឆ្នាំ១៩៩៨-២០១៨ កម្ពុជា ជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេស ដែលមានកំណើន សេដ្ឋកិច្ចលឿនបំផុត ដោយរក្សាបានចីរភាពនៃកំណើនជាមធ្យម ៨% ។ ដោយឡែកនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានទទួល រងនូវផលប៉ះពាល់គួរឱ្យកត់សម្គាល់ ដែលបញ្ហានេះបានបង្អាក់ ដំណើរនៃការបោះជំហានឆ្ពោះទៅមុខ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ មកលើវិស័យសុខភាពសាធារណៈ។ ទោះជាយ៉ាងនេះក៏ដោយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយស្មារតីបុរេសកម្ម របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ រួមជាមួយនឹងការចូលរួមគាំទ្រពីសំណាក់មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា, ធុរជន-វិនិយោគិន, អង្គការជាតិ និងអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត កម្ពុជាអាចគ្រប់គ្រង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ទាំងលើការលើការព្យាបាល និងការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស និងបានឈានដល់ការស្តារ ស្ថានភាពសង្គម-សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សផងដែរ។ ជាក់ស្តែង ទោះបីជាវិបត្តិ នៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានការធ្លាក់ចុះក្នុងអត្រា -៣,១% នៅក្នុងឆ្នាំ២០២០ ក៏ដោយ, ប៉ុន្តែបានងើបឡើងវិញ ក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រាប្រមាណខ្ពស់ជាង ៥% នៅក្នុងឆ្នាំ ២០២២។ ចំណែកឯការគ្រប់គ្រងជំងឺកូវីដ-១៩ កម្ពុជាបន្តឈរលើចំណាត់ថ្នាក់ពិភពលោកលំដាប់ទី១ ក្នុងនាមជាប្រទេសដែលជោគជ័យលើការគ្រប់គ្រងការឆ្លង, ការចាក់វ៉ាក់សាំង និងការបើកដំណើរការឡើងវិញ ផ្នែកសង្គម-សេដ្ឋកិច្ច។

លោក បន្តថា ឆ្លងតាមបទពិសោធន៍ ដែលជួបប្រទះនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយវិបត្តិឱ្យទៅជាឱកាស តាមរយៈការរៀបចំដាក់ចេញ នូវយុទ្ធសាស្ត្រ និងគោលនយោបាយជាបន្តបន្ទាប់ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែខ្លាំងជាងមុន ព្រមទាំងពង្រឹងភាពធន់ ទៅនឹងវិបត្តិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។ ជាក់ស្តែង, រាជរដ្ឋាភិបាលបាន សម្រេចដាក់ឱ្យអនុវត្តនូវ ”ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ដោយឈរលើ សសរស្តម្ភចំនួន ៣ ដែលរួមមាន ៖ (១). ការស្តារកំណើនសេដ្ឋកិច្ច ឡើងវិញ, (២). ការកែទម្រង់ ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែង និង (៣). ការពង្រឹងភាពធនប្រកបដោយចីរភាព និងបរិយាបន្ន។

លោកបណ្ឌិត លើកឡើង ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន។ ជាមួយនឹងការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ គឺវិស័យឯកជននៅកម្ពុជា អាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ដែលអាចចូលរួមចំណែក ដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដោយប្រយោល តាមរយៈបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ ដែលអាចបង្កើតការងារ ជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ វិស័យឯកជន ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហា សង្គមផ្សេងៗ ដូចដែលយើងទាំងអស់គ្នា បានឃើញកន្លងមករួចមកហើយ តួយ៉ាងដូចជាការចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម៕

To Top