ព័ត៌មានជាតិ

កម្ពុជា-នីហេ្សរីយ៉ា អាចពិនិត្យលទ្ធភាពចុះMOU លើកិច្ចសហប្រតិបត្តិការ ការងារឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ កម្ពុជា-នីហេ្សរីយ៉ា អាចពិនិត្យលទ្ធភាពចុះអនុស្សារណៈ​ នៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការ នូវការងារឧក្រិដ្ឋកម្មឆ្លងដែន ដូចជា៖ ជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងអំពើភេរវកម្ម ជាដើម។

នាឱកាសអនុញ្ញាតជូន លោស្រី Folakemi l.Akinleye ឯកអគ្គរដ្ឋទូត​ នីហេ្សរីយ៉ាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃទី២៨ កក្កដា សម្ដេច ស ខេងឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងជាគំនិតផ្ដួចផ្ដើម ដែលភាគីទាំងពីរអាចពិនិត្យលទ្ធភាព ក្នុងការរៀបចំយន្តការសហប្រតិបត្តិការ ជាទម្រង់អនុស្សារណៈ ឬក៏កិច្ចព្រមព្រៀងជាមួយគ្នា ដែលអាចផ្តល់លទ្ធភាពដល់ភាគីទាំងពីរ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ទៅលើវិស័យជាផ្នែក ដែលភាគីទាំងពីរយល់ឃើញថា មានតម្រូវការចាំបាច់។

សម្ដេច បានលើកឡើងដែរថា «ភារកិច្ចស្នូលដ៏ធំមួយ នៅក្នុងក្របខ័ណ្ឌ នៃសមត្ថកិច្ចទទួលខុសត្រូវ របស់ក្រសួងមហាផ្ទៃ គឺការងារសន្តិសុខ ដូច្នេះហើយភាគីទាំងពីរ ក៏អាចពិនិត្យលទ្ធភាព ក្នុងការដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀង ឬក៏ជាអនុស្សារណៈ នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងការងារសន្តិសុខ ជាពិសេសការងារឧក្រិដ្ឋកម្មឆ្លងដែន មានជាអាទិ៍អំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនខុសច្បាប់ និងអំពើភេរវកម្មជាដើម»។

ជាការឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូត បានសម្ដែងសេចក្ដីរីករាយ ចំពោះគំនិតផ្ដួចផ្ដើមរបស់ សម្ដេច ស ខេង ក្នុងការរៀបចំឲ្យមានក្របខ័ណ្ឌផ្លូវការ នៃកិច្ចសហប្រតិបត្តិការតាមរយៈ MOU ឬកិច្ចព្រមព្រៀងណាមួយ រវាងភាគីទាំងពីរ។

លោកស្រីបញ្ជាក់ថា នីហេ្សរីយ៉ា ក៏ត្រៀមខ្លួនធ្វើកិច្ចសហការ ជាមួយក្រសួងមហាផ្ទៃកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងក្រសួងការបរទេសកម្ពុជា ដើម្បីធ្វើយ៉ាងណា ឈានទៅសម្រេចបានគោលដៅរួម នៃគំនិតផ្ដួចផ្ដើមលើឯកសារ កិច្ចសហប្រតិបត្តិការផ្លូវការ៕

To Top