ព័ត៌មានជាតិ

អ្នកជំនួញអចលទ្រព្យល្បីម្នាក់ ឈ្មោះ ស៊ឹង ប៊ុនណា ត្រូវចោទ ពីបទ«ប្រើប្រាស់អាវុធ ខុសច្បាប់» ពាក់ព័ន្ធការបាញ់បោះ សេរី នៅខេត្តសៀមរាប

ភ្នំពេញ ៖ តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប កាលពីរសៀល ថ្ងៃអាទិត្យ ទី ៣១ ខែ កក្កដា ឆ្នាំ ២០២២នេះ បាន សម្រេចចោទប្រកាន់ ជនត្រូវចោទឈ្មោះ ស៊ឹង ប៊ុនណា ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅ ស្ថិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ពីបទ«ប្រើប្រាស់អាវុធ ខុសច្បាប់» ពាក់ព័ន្ធការបាញ់បោះ សេរី ប្រព្រឹត នៅខេត្តសៀមរាប កាលពី យប់ថ្ងៃ សៅរ៍ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២២។

មន្ត្រីសមត្ថកិច្ចនគរបាលក្រុងសៀមរាប បានអោយដឹងថាៈ ឈ្មោះ ស៊ឹង ប៊ុនណា ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីគាត់ បានជម្លោះ ពាក្យសម្តី ជាមួយប្រពន្ធ និង បានទាញកាំភ្លើងខ្លី ម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្ស៊ី បាញ់ឡើងលើចំនួន ៤ គ្រាប់ ដើម្បីរំសាយកំហឹង ក៏ ប៉ុន្តែ គ្រាប់កាំភ្លើង ពុំមានបណ្តាល អោយស្លាប់ ឬ រងរបួស នរណា ម្នាក់នោះឡើយ។

ហេតុការណ៍ នៃការផ្ទុះអាវុធនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណះ ១០ និង ៣០ នាទី នាយប់ ថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ដែលមានស្ថិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ទាក់ទងនឹងករណីខាងលើនេះ ឈ្មោះ ស៊ឹង ប៊ុនណា មិនអាចទាក់ទង ដើម្បីសុំព័ត៌មាន បានឡើយ។

គួររំលឹកថាៈ លោក ស៊ឹង ប៊ុណ្ណា ក៏ធ្លាប់ជាប់ចាប់ខ្លួន និង ជាប់ពន្ធនាគារ អស់រយៈពេល ជាច្រើនខែផងដែរ នៅក្នុង ឆ្នាំ២០១៦ ជាប់ពាក់ព័ន្ធនឹងបទល្មើស ដែលចោទប្រកាន់ថា លោកបានចេញសែក មានទឹកប្រាក់ ចំនួន ៤០០.០០០ដុល្លារទៅពាណិជ្ជករ កែវ ហ៊ុន និងភរិយារបស់លោក ហ៊ុន ឈ្មោះ សុក ទុង ដើម្បីទូរទាត់ប្រាក់ជំពាក់ តែ ជាសែកស្អុយ និង ពុំមានសាច់ប្រាក់ នៅក្នុង គណនីធនាគារ៕

To Top