ព័ត៌មានជាតិ

សម្ដេច ស ខេង ផ្ដាំផ្ញើមន្រ្តី កុំសន្មត រាល់បញ្ហា ពលរដ្ឋ ឱ្យជួយដោះស្រាយ ជារឿងតូចតាច

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំក្រុមការងារ តាមដានដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជន ក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច ទាំងអស់មិនត្រូវសន្មតថា រាល់បញ្ហាប្រជាពលរដ្ឋ ស្នើ ឬលើកឡើងមកនោះ ជារឿងតូចតាចឲ្យសោះ ត្រូវរួមគ្នាដោះស្រាយដោយមានប្រសិទ្ធភាព ។

ក្នុងពិធីប្រកាសសេចក្ដីសម្រេច បង្កើតក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជន ក្នុងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម នាថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង សម្ដេច ស ខេង បានថ្លែងថា ការតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជន ឬប្រជាពលរដ្ឋក្នុងបណ្ដាញសង្គមនេះ ប្រៀបបាននឹងការឆ្លុះកញ្ចក់មួយដូច្នេះដែរ ។

សម្ដេច បន្ថែមថា ការខិតខំប្រមូលសំណើ សំណូមពរ និងមតិយោបល់តាមបណ្ដាញសង្គមនេះ ក៏ជាការឆ្លើយតបតាមសេចក្ដីប្រាថ្នារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្ដេច បានណែនាំឱ្យក្រសួងស្ថាប័ន ទាំងអស់ តាមដានបញ្ហាប្រជាពលរដ្ឋ លើបណ្ដាញសង្គម ហើយខិតខំដោះស្រាយ ឱ្យបានទាន់ពេលវេលា។

សម្ដេច បញ្ជាក់ថា «មន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវសន្មត់ថា បញ្ហាប្រជាពលរដ្ឋ ដែលបានស្នើឬលើកឡើង មកនោះជារឿងតូចតាចឱ្យសោះ។ ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ នឹងបញ្ហាណាមួយ សូមប្រមូល និងតាមដានបញ្ហាទាំងនោះឱ្យជាប់ ហើយអាចចុះទៅពិនិត្យ បញ្ហានោះដោយផ្ទាល់ ដើម្បីជំរុញការដោះស្រាយមានប្រសិទ្ធភាព»។

លើសពីនេះ សម្ដេច ស ខេង រំលឹកថា បន្ទាប់ពី សម្ដេច បង្កើតក្រុមការងារតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជន រយៈពេលប្រមាណ ២ឆ្នាំមក សម្ដេចសង្កេតឃើញថា មានមហាជនកាន់តែច្រើនឡើងបានដាក់សំណើ សំណូមពរ និងលើកមតិយោបល់ ជាច្រើនមកកាន់ផេកហ្វេសប៊ុក សម្ដេច និងថាព្រោះហេតុ ដូច្នេះហើយទើបសម្ដេច សម្រេចកែសម្រួលក្រុមការងារនេះ ដោយដាក់បញ្ចូលបន្ថែមនូវមន្រ្តី នៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ក្រសួងមហាផ្ទៃ ដើម្បីបង្កើនការជឿជាក់ និងមានទំនុកចិត្តពីមហាជន៕

To Top