នយោបាយ

សម្ដេចតេជោ ៖ កម្ពុជា-វៀតណាម មិនអាចបំបែក បំបាក់គ្នាឡើយ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញមកអះអាង បញ្ជាក់សារជាថ្មីទៀតថា សាមគ្គីភាពរវាង កម្ពុជា-វៀតណាម គឺមិនអាចបំបែកបំបាក់គ្នាបានឡើយ ខណៈទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរឈានដល់ជាង ១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ។

ក្នុងឱកាសអនុញ្ញាតឲ្យ លោកស្រី ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការ កណ្តាល បក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធាន សមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃ២ សីហា សម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជា-វៀតណាម បានធ្វើការជាមួយគ្នា លើក្របខណ្ឌជាច្រើន រួមទាំងក្នុងក្របខណ្ឌ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សភានិងសភា រហូតដល់អង្គការមហាជន។ សម្តេចតេជោ គូសបញ្ជាក់ពីតួនាទីសំខាន់របស់អង្គការមហាជន ក្នុងការពង្រីកពង្រឹង ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចតេជោថា “សម្តេចបានធ្វើការជាមួយ សមាគមមិត្តភាពវៀតណាម កម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្វី ដែលសំខាន់ថែមទៀតនោះ គឺយើងត្រូវបន្តថែរក្សាតួនាទី និងទំនាក់ទំនងល្អលើនយោបាយ ការបរទេស ដែលមិត្តភាព សាមគ្គីភាព របស់ប្រទេសទាំងពីរ គឺមិនអាចបំបែកបំបាក់បានឡើយ ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ”។

សម្តេចតេជោបន្តថា ការរីកចំរើនរបស់វៀតណាម ពិតជាមានរួមចំណែក ជួយដល់ការរីកចំរើនរបស់កម្ពុជាផងដែរ។ ដោយសារទំនាក់ទំនងល្អ នៃប្រទេសទាំងពីរ កម្ពុជាបានទទួលអ្នកវិនិយោគ វៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗទៀត រួមទាំងវិស័យថាមពល។ វៀតណាមជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសផលនាំចេញពីកម្ពុជា។ ទំហំពាណិជ្ជកម្មនៃប្រទេស ទាំងពីរឈានដល់ជាង១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ ។

សម្តេចតេជោ បានស្នើដល់សមាគម មិត្តភាពវៀតណាម- កម្ពុជា បន្តយកចិត្តទុកដាក់ជួយ ដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រចូល ទៅសំរាកព្យាបាលជំងឺ នៅវៀតណាម។

ជាមួយគ្នានេះ សម្តេចតេជោវាយតម្លៃខ្ពស់ ចំពោះការប្រែក្លាយតំបន់ព្រំដែន ធ្លាប់តែជាតំបន់អសន្តិសុខ ក្លាយទៅជាតំបន់ព្រំដែន សន្តិភាព មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរីកចំរើន ទេសចរណ៍ អប់រំ វប្បធម៌ ពិសេសការធ្វើដំណើរចេញ ចូលរកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។

នាឱកាសនោះដែរ លោកស្រី ង្វៀន ធីថាញ់ បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចំរើនរបស់កម្ពុជា ហើយអ្វី ជាការចាប់អារម្មណ៍របស់លោកស្រី គឺការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ៕

To Top