ព័ត៌មានជាតិ

ប្រមុខការទូតចិន ប្តេជ្ញាជំរុញការដាក់ទុនវិនិយោគ និងផ្តល់ជំនួយបន្ថែមមកកម្ពុជា

ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញាបន្តជំរុញឱ្យ មានការដាក់ទុនវិនិយោគ និងការផ្តល់ជំនួយ នានាបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ។

កាប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ខណៈលោក កំពុងមានវត្តមាននៅរាជធានីភ្នំពេញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងជំនួបនេះ លោក វ៉ាង យី បានធ្វើការកោតសរសើរ និងគាំទ្រដល់ការអភិវឌ្ឍរីកចម្រើន របស់ប្រទេសកម្ពុជា ព្រមទាំងបានធ្វើការអបអរសាទរ ចំពោះដំណើរការ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តទៅ ដោយរលូននៅក្នុងខែមិថុនា កន្លងមកនេះ ស្របតាមគោលការណ៍ ប្រជាធិបតេយ្យ និងប្រកបដោយបរិយាកាសសុខសន្តិភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរ ដល់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យ ដ៏លើសលប់ ហើយលោកសង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿងយូរអង្វែង តទៅមុខទៀត។

លោក វ៉ាង យី ក៍បានប្តេជ្ញាបន្តជួយជំរុញឱ្យ មានការដាក់ទុនវិនិយោគ និងការផ្តល់ជំនួយ នានាបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា រួមទាំងខាងវិស័យការពារជាតិផងដែរ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភគាំទ្រពីភាគីមិត្តចិន រាប់ចាប់តាំងពីប្រទេសទាំងពីរមានចំណងការទូតផ្លូវការជាមួយគ្នាអស់រយៈពេល ៦៤ ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២នេះ។

ទន្ទឹមនឹងនេះផងដែរ ប្រទេសទាំងពីរ ក៏មានទស្សនវិស័យដូចគ្នា ពោលគឺ (១) ការការពារសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេស ដើម្បីភាពចម្រុងចម្រើនសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ និង (២) ការការពារសុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងសាកលលោក។

ជាចុងក្រោយ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ សាធារណរដ្ឋប្រជាមានិតចិន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ និងសូមគាំទ្រចំពោះទិសដៅទៅមុខ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀត នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ៕

To Top