នយោបាយ

សម្ដេចតេជោ ជួបរដ្ឋមន្ត្រីការបរទេសអាមេរិក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ តាមរយៈលោក Antony J. Blinken បានស្នើឱ្យភាគីអាមេរិក ពិនិត្យឡើងវិញ នូវការដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលនាំឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា។

នៅក្នុងជំនួប ពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោក Antony Blinken បានគោរពថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន, ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត, ការធ្វើដំណើរទៅប្រជុំ ដោយជោគជ័យនៅទីក្រុងវ៉ាសីនតោន, ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចត ដែលនៅក្នុងនោះមានជនជាតិអាមេរិកចំនួន ៦០០នាក់, ការបោះឆ្នោតគាំទ្រ សេចក្ដីសម្រេចរបស់មហាសន្និបាត អង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន, ការរុករកអធិធាតុទាហានអាមេរិកបាត់ខ្លួន ក្នុងសម័យសង្គ្រាម TOWMIA, កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ។

លោក Blinken បានគោរពជម្រាបជូនសម្ដេចតេជោថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមាន ជាមួយកម្ពុជា ឈរលើមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ដូចជា៖ ទីផ្សារនាំចេញ និងជំនួយសម្រាប់ ការអភិវឌ្ឍ។ល។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយ និងស្វាគមន៍លោក Antony Blinken ក្នុងអំឡុងពេល កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងកិច្ចប្រជុំពាក់ព័ន្ធ។

សម្តេចតេជោ បានសម្ដែងនូវការរីករាយ ជាមួយលទ្ធផលនៃជំនួបកំពូល អាស៊ាន-អាមេរិក កាលពីខែឧសភា ឆ្នាំ២០២២ និងជំនួបជាមួយសមាជិកព្រឹទ្ធសភា និងធុរជនអាមេរិកកន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន។

សម្ដេចតេជោ បានមានប្រសាសន៍ថា ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចតនោះ ជាការងារមនុស្សធម៌ ប្រសិនបើកម្ពុជា មិនអនុញ្ញាតឱ្យចូលចត នោះប្រជាជននៅលើកប៉ាល់ ត្រូវដាច់ស្បៀង ដាច់ទឹក នឹងឈានទៅដល់ មានគ្រោះមហន្តរាយ ដល់អាយុជីវិត ព្រោះមិនមានប្រទេសណាអនុញ្ញាតឱ្យ ចូលចតក្រៅពីកម្ពុជានោះទេ។

ចំពោះករណីបោះឆ្នោតគាំទ្រ សេចកីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ ជាគោលការណ៍ដែលកម្ពុជា ប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងបទដ្ឋានដែលទទួលស្គាល់ ពាក់ព័ន្ធនឹងការគោរព អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព របស់ប្រទេសសមាជិក អង្គការសហប្រជាជាតិទាំងអស់ ។ កម្ពុជា អំពាវនាវឱ្យមានបទឈប់បាញ់គ្នា ចរចាដោយសន្តិវិធី និងការអត់ធ្មត់ជាទីបំផុត ។

ជាមួយគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើ ឱ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះ រួមទាំងកម្ពុជាផងដែរ។

ពាក់ព័ន្ធទៅនឹងការស្វែងរក អដ្ឋិធាតុទាហានអាមេរិក បាត់ខ្លួន នៅក្នុងអំឡុងពេលសង្គ្រាមនោះ កម្ពុជា បានធ្វើការជាមួយសហរដ្ឋអាមេរិក ជាច្រើនឆ្នាំមក ហើយកម្ពុជា នៅតែបន្តសហការលើបញ្ហាការងារមនុស្សធម៌នេះ ។

កម្ពុជា មានការសោកស្ដាយ និងភ្ញាក់ផ្អើលចំពោះ ការអនុវត្តទោសប្រហារជីវិតសកម្មជន៤រូបថ្មីៗនេះ នៅប្រទេសមីយ៉ាន់ម៉ា។ កម្ពុជា ក៏បានធ្វើប្រតិកម្មតាមរយៈ ការចេញសេចកីថ្លែងការណ៍ ប្រធានអាស៊ាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២។ ទោះជាយ៉ាងនេះក៏ដោយ កម្ពុជា នៅតែប្ដេជ្ញាចិត្តខិតខំជួយឲ្យ ប្រទេសមីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតី និងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលដរាបរៀងមកជួយដល់កម្ពុជា ទាំងការងារមនុស្សធម៌ ការបញ្ជូនវ៉ាក់សាំង ជួយដល់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ការជួយដល់ការងារវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការបញ្ជូនវត្ថុបុរាណមកកម្ពុជាវិញ និងការជួយដល់កម្ពុជា លើវិស័យដទៃទៀត រួមទាំងវិស័យអប់រំ វិស័យបរិស្ថានជាដើម៕

To Top