ព័ត៌មានជាតិ

សាខាកាកបាទ ក្រហមខេត្តកំពង់ចាម បន្តប្រគល់ផ្ទះមនុស្សធម៌ទី១១ ជូនជនចាស់ជរាទ័ល លំបាក១គ្រួសារ នៅឃុំតាអុង ស្រុកចំការលើ

កំពង់ចាម ៖ ប្រធានគណៈកម្មាធិការ សាខាកាកបទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងសហការី រួមទាំងព្រះសង្ឃផងនោះ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះបន្ទាប់ទី១១ ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ ឈ្មោះ ខៀវ ខេត អាយុ ៧២ឆ្នាំ រស់នៅ ភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ។

បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទ ក្រហមខេត្តកំពង់ចាម បានឲ្យដឹងថា តា ខៀវ ខេត និងប្រពន្ធឈ្មោះ រិទ្ធ ហុន អាយុ ៧០ឆ្នាំ ជាជនចាស់ជរាទ័លលំបាក រស់នៅពឹងអាស្រ័យតែលើការ ជួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយ: ប័ណ្ណសមធម៌ ក្រ ២។ ពួកគាត់ មានកូនប្រុសស្រី ៣នាក់ បានរៀបការបែកគ្រួសារ ខណ:ពួកគេ ក៏មានជីវភាពលំបាកដូចគ្នា មិនអាចពឹងពាក់បាន ។ ច្រើនឆ្នាំមកនេះ តា ខៀវ ខេត វ័យកាន់តែចាស់ និងមានជំងឺលើសឈាម ថែមទៀត រីឯ យាយ រិទ្ធ ហុន ក៏ពិការត្រគៀកខាងស្តាំ នាំអោយជីវភាពកាន់តែលំបាក សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងកូន រោងដោលតូចទ្រុឌទ្រោមខ្លាំង ដែលដំបូល-ជញ្ជាំងប្រក់ បាំងស្លឹក ធ្លុះធ្លាយ ស្ទើរតែពុំអាចស្នាក់នៅបាន ពេលមានភ្លៀងម្តង ៗ ។

ទោះជាយ៉ាងណា ជាង១០ឆ្នាំ មកនេះ យាយ រិទ្ធ ហុន ក៏បានចូលរួមបំពេញ ការងារសង្គមយ៉ាងសកម្ម ក្នុងតួនាទីជាអនុប្រធានភូមិ និងជាភ្នាក់ងារស្ម័គ្រចិត្តព្យាបាលជម្ងឺគ្រុនចាញ់ ប្រចាំភូមិទួលប្រាក់ ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ដោយមើលឃើញពីស្ថានភាពលំបាកនេះ ទើប លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ជូន តា ខៀវ ខេត និង យាយ រិទ្ធ ហុន សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកតា ខៀវ ខេត សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ៕

To Top