ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត សង្ឃឹមថា កម្ពុជា-អូស្រ្តាលី នឹងបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្និទ្ធស្នាល បន្ថែមទៀត

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរ នឹងបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្និទ្ធស្នាល បន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក។

ការបង្ហាញនូវក្ដីសង្ឃឹមនេះ ធ្វើឡើងក្នុងឱកាសជំនួបសំណោះសំណាល និងសម្តែងការគួរសម ជាមួយលោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងកិច្ចជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែជួយគាំទ្រ ដល់ដំណើរការ នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំង បានរំលឹកនូវចំណងមិត្តភាព ដ៏យូរអង្វែងនៃប្រទេសទាំងពីរ កម្ពុជា-អូស្រា្តលី ដែលមានរយៈពេល ៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥២ មក។

មេបញ្ជាការកងទ័ពជើងគោក ក៏បានរលឹកផងដែរនូវកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសអូស្រ្តាលី សម្រាប់ដំណើរស្វែងរក សន្តិភាព និងការដើរតួនាទីនាំមុខ ក្នុងអំទ្បុងពេលបេសកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ បន្ថែមពីនេះទៅទៀត ប្រទេសអូស្ត្រាលី បានជួយឧបត្ថម្ភយ៉ាងខ្លាំងក្លា ដល់វិស័យអប់រំធនធានមនុស្ស និងការបណ្តុះបណ្តាល ភាសាអង់គ្លេសកម្រិតខ្ពស់ ដល់ប្រជាជនកម្ពុជា និងជាពិសេសការគាំទ្រ លើវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកស្រី រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានធ្វើការថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយគាំទ្រសកម្មភាពមួយចំនួន ក្នុងវេទិកាអន្តរជាតិកន្លងមក ក៏ដូចជាសម្តែងនូវ ក្តីរីករាយ និងការសាទរ ដល់ការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវការគាំទ្រ បន្តទៀត ដល់ប្រទេសកម្ពុជា។

ភាគីទាំងពីរ ក៏បានបង្ហាញនូវទស្សនៈព្រមគ្នាថា កិច្ចការពារថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ គឺជាកត្តាសំខាន់ដែលត្រូវតែរួមគ្នាយកចិត្តទុកដាក់ និងរក្សាឱ្យបានជាចាំបាច់៕

To Top