ព័ត៌មានជាតិ

កម្ពុជា អរគុណអង់គ្លេស ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលរួមចំណែកដល់ការអភិវឌ្ឍ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស បានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់កម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។

ក្នុងជំនួបពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី កាលពីថ្ងៃទី៤ សីហា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Amanda Milling អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈិមបូព៌ា នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បានផ្លាស់ប្តូរទស្សនៈ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះដែរឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ច ជាលើកដំបូងរបស់លោកស្រី Amanda Milling មកកាន់កម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២២ ដែលក្នុងឱកាសនោះ កម្ពុជា និងចក្រភពអង់គ្លេស បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។

លោក ប្រាក់ សុខុន និងលោកស្រី Amanda Milling បានយល់ឃើញដូចគ្នាថា កម្ពុជា និងចក្រភពអង់គ្លេស មានទំនាក់ទំនងដ៏ល្អ និងបានស្នើថា គួររៀបចំសកម្មភាពរួមគ្នាដើម្បី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចក្រភព អង់គ្លេស នៅក្នុងឆ្នាំក្រោយ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការ បន្តផ្តល់ជំនួយរបស់ចក្រភពអង់គ្លេស ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សុខាភិបាល ការបោសសម្អាតមីន និងវិស័យអប់រំ។

នៅក្នុងក្របខ័ណ្ឌពហុភាគី លោក ប្រាក់ សុខុន បានកោតសរសើរចំពោះ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី១ និងបានថ្លែងអំណរគុណចក្រភពអង់គ្លេស ចំពោះការគាំទ្រដល់ការធ្វើជាប្រធានអាស៊ាន របស់កម្ពុជានៅឆ្នាំ២០២២។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍ទៅវិញទៅមក និងជាកង្វល់រួម រាប់ចាប់ពីទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និងអាស៊ាន-ចក្រភពអង់គ្លេស ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ការវិវត្តសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក រហូតដល់វិបត្តិនៅប្រទេសអ៊ុយក្រែន ៕

To Top