ព័ត៌មានជាតិ

កូរ៉េ ឈរលេខរៀងទី២ ក្នុងតារាងការវិនិយោគ ដោយផ្ទាល់ពីបរទេស នៅកម្ពុជា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា សាធារណរដ្ឋកូរ៉េ បានឈរនៅលេខរៀងទី២ ក្នុងតារាងការវិនិយោគ ដោយផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា ។

ការថ្លែងរបស់ប្រមុខការទូតកម្ពុជាបែបនេះ ធ្វើឡើងក្នុងជំនួបជាមួយលោក ប៉ាក ជីន (Park Jin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

ក្នុងជំនួបនោះរដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះការរីកចម្រើនជាបន្តបន្ទាប់ នូវទំនាក់ទំនងទ្វេភាគីប្រកបដោយភាតរភាព ដូចស្តែងឱ្យឃើញតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ច ជាញឹកញាប់នៅគ្រប់កម្រិត និងបានឯកភាពគ្នាជំរុញបន្ថែមទៀត កិច្ចសហប្រតិបត្តិការដែលមានស្រាប់។

ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចប្រកបដោយភាពធន់ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដោយបានបញ្ជាក់ឱ្យឃើញតាមរយៈ ការកើនឡើងខ្ពស់នូវទំហំពាណិជ្ជកម្ម ទ្វេភាគី ទោះបីជាមានវិបត្តិជំងឺកូវីដ-១៩ ក្តី។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានសុទិដ្ឋិនិយមថា សកម្មភាពពាណិជ្ជកម្ម នឹងត្រូវបានជំរុញកាន់តែខ្លាំង នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ចូលជាធរមាន ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានកត់សម្គាល់ផងដែរថា «សាធារណរដ្ឋកូរ៉េ បានឈរនៅលេខរៀងទី២ នៅក្នុងតារាងការវិនិយោគ ដោយផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា ហើយការអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងដើរតួនាទីជាក្របខ័ណ្ឌក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ» ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះតួនាទីរបស់សាធារណរដ្ឋកូរ៉េ ថាជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា និងបានថ្លែងអំណរសម្រាប់ជំនួយអភិវឌ្ឍដ៏ច្រើនជាបន្តបន្ទាប់របស់សាធារណរដ្ឋកូរ៉េសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រួមទាំងជំនួយក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។

ក្នុងវិស័យដោះមីន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអរគុណសមភាគីរបស់លោក ចំពោះការរួមចំណែករបស់ សាធារណរដ្ឋកូរ៉េដល់កិច្ចខិតខំ ប្រឹងប្រែងក្នុងការដោះមីន ដោយខ្លួនឯងរបស់កម្ពុជា និងការគាំទ្រដល់មជ្ឈមណ្ឌល តំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានការិយាល័យនៅរាជធានីភ្នំពេញ។

ក្នុងក្របខណ្ឌអាស៊ានលោក ប៉ាក ជីន បានអះអាងជាថ្មីអំពី ការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ ចំពោះភាពជាប្រធានអាស៊ាន របស់កម្ពុជានៅក្នុងឆ្នាំនេះ និងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយសន្តិភាព សម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការសោកស្តាយចំពោះ ការពន្យាពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១២ និងបានស្នើឱ្យសម្របសម្រួលរកពេលវេលា សមស្របដើម្បីរៀបចំ កិច្ចប្រជុំនាពេលអនាគត ៕

To Top