ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា៖ អនាគតអាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈម ផ្នែកសន្តិសុខធំៗជាច្រើន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានជិតផុតអាណត្តិ បានលើកឡើងថា សម្រាប់អនាគតអាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈម ផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ។

នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអបអរសាទរទិវាអាស៊ាន នាថ្ងៃទី៨ សីហា ។ តាមរយៈសារលិខិតអបអរសាទរនេះ សម្តេចតេជោឲ្យដឹងបន្តថា ក្នុងរយៈពេល ៥៥ឆ្នាំមកនេះ អាស៊ានបានផ្លាស់ប្តូរខ្លួន ពីអង្គការដែលមានក្របខ័ណ្ឌធូររលុង ទៅជាអង្គការ​ ដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់ ។ អាស៊ាន បានធ្វើដំណើរឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពនយោបាយសាកលលោក និងក្នុងកម្រិតតំបន់ និងបានលេចត្រដែតឡើង ជាគ្រួសារមួយដ៏ខ្លាំងក្លា និងវាងវៃ។

សម្ដេចបន្តថា អាស៊ានមិនអាចធានាយ៉ាងដាច់ណាត់ថា ពុំមានទំនាស់ និងសង្រ្គាមនោះទេ ប៉ុន្តែយ៉ាងហោចណាស់អាស៊ាន បានដើរតួនាទីជាអ្នកផ្តល់វេទិកាបើកចំហមួយ សម្រាប់កិច្ចសន្ទនា និងការពិគ្រោះយោបល់ ប្រកបដោយភាពស្ថាបនា ដែលការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

សម្ដេចតេជោបន្ថែមថា ចាប់តាំងពីការចូលជាសមាជិកអាស៊ាន ក្នុងឆ្នាំ១៩៩៩ និងក្នុងនាមជាសមាជិក ដែលចូលក្រោយគេបង្អស់ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្ម នៅក្នុងដំណើរការនៃការកសាង សហគមន៍អាស៊ាន។

សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជា គឺជាអ្នកចូលរួមចំណែកយ៉ាងបុរេសកម្ម ដល់សហគមន៍សន្តិសុខ-នយោបាយអាស៊ាន រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវរួមគ្នា ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ សម្តេចជឿជាក់យ៉ាងរឹងមាំថា ការការពារសន្តិសុខមនុស្សជាតិ គឺជាផ្នែកដ៏សំខាន់មួយ នៃការថែរក្សាសន្តិភាព និងសន្តិសុខសកលលោក។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «សម្រាប់អនាគតអាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈម ផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ បញ្ហាទាំងអស់នេះ អាចធ្វើបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់របស់យើង ប្រសិនបើយើងមិនបានគ្រប់គ្រង បញ្ហាទាំងនេះឱ្យបានល្អ» ។

សម្ដេចលើកឡើងថា ដូច្នេះចាំបាច់ត្រូវជំរុញ ឲ្យមានសហគមន៍អាស៊ានមួយ ប្រកបដោយភាពសុខដុម និងភាពរស់រវើកជាងមុន តាមរយៈការស្វះស្វែងរកបន្ថែមទៀត នូវកិច្ចការពារពលករទេសន្តប្រវេសន៍ ក៏ដូចជាការបង្កើនបន្ថែមទៀត នូវការគាំទ្រសម្រាប់របៀបវារៈ នៃការអភិវឌ្ឍបៃតង ប្រកបដោយបរិយាប័ន្ន និងគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។

សម្ដេចបញ្ជាក់បន្ថែមថា អាស៊ានចាំបាច់ត្រូវតែឈរលើជំហរ នៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក ហើយនឹងបន្តផ្តោតសំខាន់​ ​​លើសកម្មភាពនានា ដែលចងភ្ជាប់ទាំងអស់គ្នា ដើម្បីវិបុលភាពកាន់តែប្រសើរឡើងសម្រាប់តំបន់។

សម្ដេចតេជោជឿជាក់ថា អាស៊ាន អាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហាប្រឈមនានា ដែលកំពុងបង្កផលប៉ះពាល់ ដល់ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់យើង ដោយអនុលោម ទៅតាមស្មារតីអាស៊ាន៖ «ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ» ៕

To Top