ព័ត៌មានជាតិ

សមាគមមីក្រូហិរញ្ញវត្ថុ លើកទឹកចិត្តគ្រឹះស្ថាន ចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ ចែករំលែកព័ត៌មាន ទាក់ទងវិស័យមីក្រូហិរញ្ញវត្ថុ

ភ្នំពេញ ៖ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកទឹកចិត្តដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចូលរួមធ្វើការងារកាន់ តែជិតស្និទ្ធិជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចែករំលែកព័ត៌មាន ដល់មិត្តអ្នកសារព័ត៌មាន ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋ។

ក្នុងពិធីប្រគល់ពានរង្វាន់ ជ័យលាភីដល់អ្នកសារព័ត៌មាន ក្នុងការប្រឡងប្រជែង និពន្ធអត្ថបទសារព័ត៌មាន ស្ដីពីការចូលរួម ចំណែករបស់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាព របស់នៅប្រជាជនកម្ពុជា ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ នាពេលថ្មីៗនេះ លោក សុខ វឿន បានថ្លែងថា សម្រាប់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន និងសាធារណៈជន ពិតជាមានភាពចាំបាច់ ក្នុងការផ្សព្វផ្សាយព័ត៌មានថ្មីៗ ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុ ចែករំលែកចំណេះដឹង ផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាលើកកម្ពស់យន្តការ ការពារអតិថិជនផងដែរ។

លោកបញ្ជាក់ថា «សមាគម ក៏សូមយកឱកាសនេះ សំណូមពរដល់មិត្ត អ្នកសារព័ត៌មាន រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយមាតិកា ទាក់ទង នឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាអភិវឌ្ឍន៍ សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ឲ្យបានទូលំទូលាយទាក់ទង នឹងវិស័យនេះផងដែរ។ ទន្ទឹមនឹងនេះ សមាគម ក៏សូមលើកទឹកចិត្តដល់គ្រឹះស្ថានជា សមាជិកទាំងអស់ ចូលរួមធ្វើការងារកាន់ តែជិតស្និទ្ធិជាមួយ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការចែករំលែកព័ត៌មាន ដល់មិត្តអ្នកសារព័ត៌មានផងដែរ»។

នាឱកាសនោះដែរ លោក រ័ត្ន សោភ័ណ អនុប្រធានសមាគម ធនាគារនៅកម្ពុជា បានលើកឡើងថា បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា នៅមានបញ្ហាប្រឈមមួយចំនួន ជាពិសេសការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា ដែលនៅមានកម្រិតទាប។ លោកថា លទ្ធភាពក្នុងការស្វែង យល់ពីព័ត៌មានសេវាហិរញ្ញវត្ថុ គឺជាកត្តាសំខាន់ក្នុងការប្រើប្រាស់ សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ។

លោកឲ្យដឹងទៀតថា «ហេតុនេះ ខ្ញុំយល់ឃើញថា អ្នកសារព័ត៌មានគឺ ជាដៃគូដែលមិនអាចខ្វះបាន ពីព្រោះតាមរយៈមាតិកា ព័ត៌មានដែលផលិតឡើង ដោយអ្នកសារព័ត៌មានជាច្រើន ជុំវិញវិស័យហិរញ្ញវត្ថុ នឹងជាជំនួយស្មារតី ដល់ប្រជាពលរដ្ឋ ក្នុងការយល់ដឹងពីសិទ្ធិក្នុងការប្រើប្រាស់ ជ្រើសរើស ចរចា និង ប្រាស្រ័យទាក់ទងទៅនឹង ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ»

To Top