ព័ត៌មានជាតិ

លោក ឃួង ស្រេង បញ្ជាឲ្យបិទដេប៉ូខ្សាច់៤ទីតាំង នៅសង្កាត់ ចាក់អង្រែក្រោម-លើ ក្រោយបង្កភាពអសកម្ម

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជា របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០២២នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញ រួមជាមួយនិងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ។

លោក ស៊ុយ សេរិទ្ធ បានឲ្យដឹងថា ការចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះ ដោយសារ មិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឲ្យដីខ្សាច់ ហូរហៀលើទ្រូវផ្លូវ ពិបាកធ្វើដំណើរ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជា ផ្លូវ ប្រព័ន្ធលូ ជាដើម ។

លោក ស៊ុយ សេរិទ្ធ បញ្ជាក់ទៀតថា អាជីវកម្មទាំង៤ទីតាំងនេះ គឺត្រូវបិទទាំងស្រុងតែម្តង តែបើពួកគាត់ស្នើសុំ បើកអាជីវកម្មឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាពគ្រប់ជ្រុងជ្រោយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាត ឲ្យដឹកដីខ្សាច់ តាមរថយន្តលើផ្លូវដូចពេលនេះទៀតទេ ។ ពួកគាត់អាចចោះទម្លុះផ្លូវដាក់ ទុយោទៅតំបន់អភិវឌ្ឍន៍តែម្តង ពោល គឺមិនទុកឲ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនាសម្ព័ន្ធដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ ម៉ែត្រនិងផ្លូវ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើ ត្រូវតែកើបដីខ្សាច់ចេញពីថ្នល់ និងធ្វើការជួសជុលឡើងវិញ ។

លោកបញ្ជាក់ផងដែរថា ទីតាំងដេប៉ូខ្សាច់ខាងលើនេះត្រូវបាន អាជ្ញាធររាជធានីភ្នំពេញ ធ្វើការណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារ រួចមកហើយ និងបានណែនាំពួកគាត់ ឲ្យមានម៉ាស៊ីនលាងកង់រថយន្ត និងដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ប៉ុន្តែម្ចាស់អាជីវកម្ម នៅតែអនុវត្តមិនបានល្អ ទៅតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង ។

គួរបញ្ជាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ២នេះ មានទីតាំងដេប៉ូខ្សាច់ចំនួន៦ កំពុងធ្វើអាជីវកម្មចំនួន៤ទីតាំងប៉ុណ្ណោះ ៕

To Top