ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ឯកភាពពង្រឹងគ្រប់យន្តការទំនាក់ទំនង នៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ (Video)

ភ្នំពេញ ៖ ភាគីកម្ពុជា-វៀតណាមបានឯកភាពបន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាង លោកស្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ លោកផាម តឹត ថាំង (PHAM TAT THANG) សមាជិកមជ្ឈិមបក្ស និងជាអនុប្រធានប្រចាំការគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ។

ភាគីទាំងពីរបានឯកភាព បន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជំនួបនេះក៏បានឯកភាព លើការជំរុញស្ថាប័នគណបក្ស អង្គការមហាជន និងគណបក្សខេត្ត-ក្រុង ជាពិសេសគឺគណបក្សខេត្តដែលមានព្រំដែនជាប់គ្នា ឲ្យបន្តសហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។

ជំនួបនេះ ភាគីទាំងពីរក៏បានសម្តែងការពេញចិត្តលើលទ្ធផលជាផ្លែផ្កា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រុំទំនាក់ ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ ភាពជាអ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕

To Top