ព័ត៌មានជាតិ

បើកវេទិកាសាធារណៈ ដោះស្រាយសំណូមពរ នឹងកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សា ក្រុងបាវិត នៅព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២២បានបើកវេទិការ សាធារណៈ ជួបជាមួយប្រជាពលរដ្ឋ ចំនួនសង្កាត់៣ គឺសង្កាត់បាវិត សង្កាត់ប្រាសាទ សង្កាត់បាទី ដើម្បីដោះស្រាយសំណូមពរ ដូចជាកង្វល់នានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ពិធីនេះបានប្រព្រឹត្តទៅ នៅក្នុងបរិវេណវត្តដងទង់ ស្ថិតនៅក្នុង សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានការចូលរួមពីមន្ត្រី ដែលពាក់ព័ន្ធនិងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

ថ្លែងនៅក្នុងឪកាសនោះលោកលឹម សៀងហេង អភិបាលក្រុងបាវិត បានសំណូមពរ ដល់ពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានក្រុងបាវិត កុំសាងសង់សំណង់ នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាស វាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាត និងទីក្រុងមានសោភណ្ឌភាពល្អ ។

លោកបានបញ្ជាក់ថា សំរាមគឺជាបញ្ហាប្រឈមរួមមួយ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ដោះស្រាយ មិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ អាជ្ញាធរនៅមូលដ្ឋាន ត្រូវឆ្លើយតបឲ្យបានទាន់ពេល វេលាចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងនៅមូលដ្ឋាន មានដូចជា គ្រោះធម្មជាតិ ជំងឺដង្កាត់ផ្សេងៗ ជាពិសេស បញ្ហាសត្វពាហនៈរបស់ប្រជាពលរដ្ឋ ដែលចិញ្ចឹមហើយព្រលែងពាសវាល ពាសកាល ដែលនាំឱ្យបង្កគ្រោះថ្នាក់ចរាចរណ៍។

លោកអភិបាលក្រុងបាវិតបានបន្តថា សមិទ្ធផល និងការអភិវឌ្ឍមូលដ្ឋានទាំង ៥សង្កាត់នៅក្នុងក្រុងបាវិតមានការរីកចម្រើន ជាបន្តបន្ទាប់ ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៑ុន សែនជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យមូលដ្ឋានក្រុង បាវិតផ្លូវខ្លះប្រែក្លាយពីផ្លូវដី ស ទៅជាផ្លូវចាក់បេតុងនិងអ៊ុតកៅស៊ូជាដើម ។

ជាមួយគ្នានេះ លោកបានអំពានាវ ដល់ប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវចូលរួមសហការ ចូលរួមជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចបាននូវ លទ្ធផលជាផ្លែផ្លា ក៏ដូចជាជួយថែរក្សា នូវសមិទ្ធផលផ្សេងៗ ដែលយើងមាននៅថ្ងៃនេះ ទុកប្រើប្រាស់បានយូអង្វែងទៅថ្ងៃក្រោយ។

សូមបញ្ជាក់ថានៅក្នុងវេទិកាសាធារណៈនេះដែរ ពលរដ្ឋបានលើកឡើង អំពីចំណុចសំខាន់ៗ មានដូចជាបញ្ហាអគ្គិសនី ផ្លូវ បញ្ហាដីធ្លី និងសត្វពាហនៈ បញ្ហាសំបុត្រកំណើត ភូមិឃុំមានសុវត្ថិភាពជាដើម ។

រាល់ការសំណូមពរ នឹងការលើកឡើងរបស់បងប្អូន ប្រជាពលរដ្ឋទាំង៣សង្កាត់ នៃក្រុងបាវិតនេះ លោកអភិបាលក្រុង និងមន្ត្រីដែលពាក់ព័ន្ធឡើងបកស្រាយ និងដោះស្រាយសំណូមពរ ទាំងនេះ ទទួលបានលទ្ធផលល្អប្រសើរផងដែរ ៕

To Top