ព័ត៌មានជាតិ

លោក សយ សុភាព ផ្ដាំក្រុមអគតិមួយចំនួន កុំឆន្ទាលើការអភិវឌ្ឍន៍ កំពង់ផែថ្មី ក្នុងទឹកដីខេត្តកំពត

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំទៅកាន់ក្រុមអគតិមួយចំនួន ដែលតែងតែបើកការវាយប្រហារ លើការអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា កុំឱ្យឆន្ទាលើការអភិវឌ្ឍន៍ កំពង់ផែថ្មី ក្នុងទឹកដីខេត្តកំពត។

ជាមួយនឹងការផ្ដាំផ្ញើនេះ លោក សយ សុភាព ក៏នឹងធ្វើអធិប្បាយលម្អិត នៅក្នុងកម្មវិធី «សន្ទនាថ្ងៃចន្ទ Monday Talk» ដែលមានការផ្សាយផ្ទាល់ លើផេកផ្លូវការ របស់មណ្ឌលព័ត៌មាន ដើមអម្ពិល (DAP News ,Monday Talk, Soy Sopheap Official) នៅព្រឹកថ្ងៃច័ន្ទ ទី១៥ សីហា វេលាម៉ោង ១០:០៨នាទី ខាងមុខ។

ការចេញមុខអត្ថាធិប្បាយរបស់លោក សយ សុភាព បែបនេះបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ ដែលមាននិន្នាការប្រឆាំង ទៅនឹងរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងព្យាយាម ទាញយកការអភិវឌ្ឍន៍ កំពង់ផែថ្មី ក្នុងទឹកដី ខេត្តកំពត មកបង្កើតជាបញ្ហា ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ មានការយល់ច្រឡំ និងគោលបំណងធំ ធ្វើឱ្យស្អប់មេដឹកនាំរបស់ខ្លួន។

សូមរំលឹកថា ក្រុមហ៊ុន «កំពត ឡូជីស្ទិក អេន ផត (Kampot Logistics and Port)» បានទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅលើដីឯកជនរបស់ ក្រុមហ៊ុនដែលមានទំហំសរុប ៦០០ហិកតា គ្រោងប្រើទុនវិនិយោគសរុបប្រមាណ ១,៥០០លានដុល្លារ អនុវត្តជា៣ដំណាក់កាល។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «គាំទ្រការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលខ្មែរទាំងស្រុង ក្នុងការសាងសង់កំពង់ផែសមុទ្រនៅខេត្តកំពត ព្រោះមានអត្ថប្រយោជន៏ ច្រើនណាស់»។

លោក សយ សុភាព គួសបញ្ជាក់ថា «សូមកុំពង្រីកទំនាស់ជាមួយខ្មែរតទៅទៀត។ អ្នកឯងវៃប្រហារខ្មែរ រាល់អាទិត្យរឿងកំពង់ផែរាម មិនទាន់ចប់ផង ឥឡូវមកឆន្ទាអីកំពតទៀត»។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលជូនប្រជាពលរដ្ឋប្រមាណ ១០០០០កន្លែង នៅពេលដាក់ឲ្យដំណើរការ ព្រមទាំងជួយឲ្យសម្រេចឲ្យបានជោគជ័យ «ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម» និងគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ។

គម្រោងនេះស្ថិតនៅក្នុងតំបន់មានអំណោយផល ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងបង្កើតឡើងកំពង់ផែទឹកជ្រៅ ពហុបំណងដ៍ធំមួយទៀតនៅកម្ពុជា និងទំនើបលំដាប់អន្តរជាតិ នៅក្នុងតំបន់អាស៊ាន ដែលអាចឲ្យនាវាចំណុះ ១០០ ០០០ តោន ចូលចតបាន , តំបន់សេដ្ឋកិច្ចពិសេសដែលមាន តំបន់ពាណិជ្ជកម្មសេរី ទីលានកុងតឺន័រ មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារតយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ទនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ៕

To Top