ព័ត៌មានជាតិ

បើករថយន្តឆ្លងផ្លូវរថភ្លើង មិនប្រយ័ត្ន ត្រូវរថភ្លើងបុក រងការខូចខាត នៅស្រុកក្រគរ!

ពោធិសាត់: អ្នកបើកបររថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងបានបើកបរឆ្លងកាត់ផ្លូវរថភ្លើងមិនមានការប្រុងប្រយ័ត្នខណះដែលរថភ្លើងកំពុងតែធ្វើចរាចរណ៍ បានបុកបណ្តាលអោយរងនូវការខូចខាតរថយន្តផ្នែកខាងមុខ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងរបួសនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថភ្លើងដ៍កម្រនោះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថា រថយន្តដែលបានបើកឆ្លងកាត់ផ្លូវរថភ្លើងហើយត្រូវរថភ្លើងបុកនោះម៉ាកកាមរីឆ្លាមពណ៌ទឹកមាសពាក់ស្លាកលេខ 2 P 8089ធ្វើចរាចរណ៍ពីជើងទៅត្បូង អ្នកបើកបរមានឈ្មោះនូវ វង់ ភេទប្រុសអាយុ ៦៧ ឆ្នាំជនជាតិខ្មែររស់នៅភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់រថយន្តអោយទៅម្ចាស់វិញដើម្បីយកទៅជួសជុលដោយខ្លួនឯងតាមសំនូមពររបស់ម្ចាស់រថយន្ត៕

To Top