ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញក្ដីកង្វល់ជាខ្លាំង ចំពោះបញ្ហាប្រេងឡើងថ្លៃ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញក្ដីកង្វល់ជាខ្លាំង ចំពោះបញ្ហាប្រេងឡើងថ្លៃ ខណៈបញ្ហាស្បៀងឡើងថ្លៃ មិនសូវជាកង្វល់ សម្រាប់សម្ដេចនោះទេ ។

ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ សីហានេះ សម្តេចតេជោ មានប្រសាសន៍ថា អ្វីដែលសំខាន់ជាងនេះទៀត គឺគ្រប់គ្រងឲ្យបាននូវស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំកង្វល់ធំណាស់ ទៅលើបញ្ហាការឡើងថ្លៃប្រេង ខ្ញុំមិនសូវកង្វល់ច្រើនពេកទេ ទៅលើបញ្ហាការឡើងថ្លៃស្បៀងនោះ ប៉ុន្តែការឡើងថ្លៃប្រេងជារឿងដ៏លំបាក ប៉ុន្មានថ្ងៃនេះជាកុសលមួយល្អ សម្រាប់តម្លៃប្រេង» ។

សម្ដេចតេជោបានថ្លែងថា កាលពីមុនប្រេងសាំងធម្មតា នៅកម្ពុជា ឡើងថ្លៃដល់ ៥.៨០០រៀល ក្នុង១លីត្រ ហើយ១០ថ្ងៃក្រោយមក ក៏បានចុះថ្លៃជាបន្តបន្ទាប់ ដល់៤.៦៥០រៀល ក្នុង១លីត្រ ។ សម្ដេចថា នេះជាការសម្របសម្រួល ដែលគួរតែកោតសរសើរ ដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាបណ្ដាក្រុមហ៊ុន ប្រេងទាំងឡាយ ។

សម្ដេចតេជោ បានអំពាវនាវឲ្យគ្រប់ បណ្ដាក្រុមហ៊ុនប្រេងទាំងអស់ យកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្នុងអាជីវកម្មរបស់ខ្លួន ។

សូមរំលឹកថា បើតាមក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១១-២០ ខែសីហា ឆ្នាំ២០២២ ប្រេងសាំងធម្មតា ក្នុងមួយលីត្រ មានតម្លៃ ៤.៦៥០រៀល ខណៈម៉ាស៊ូត តម្លៃ៥.០០០រៀល ក្នុង១លីត្រ ៕

To Top