ព័ត៌មានជាតិ

មន្ទីរសុខាភិបាលភ្នំពេញ ឲ្យពលរដ្ឋទាក់ទងលេខ១១៩ នៅពេលឃើញ អ្នករងគ្រោះថ្នាក់ចរាចរ (Video)

ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យប្រជាពលរដ្ឋស្នាក់នៅ រាជធានីភ្នំពេញ រាយការណ៍ឬទាក់ទងទូរស័ព្ទ ទៅលេខ១១៩ នៅពេលឃើញមានជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ នៅលើដងផ្លូវ ដើម្បីជួយសង្គ្រោះ និងដឹកជញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ។ នេះបើតាមការផ្សាយ របស់ផេកមន្ទីរសុខាភិបាលភ្នំពេញ នៅព្រឹកថ្ងៃ១៨ សីហា ។

មន្ទីរសុខាភិបាលភ្នំពេញឲ្យដឹងទៀតថា ម៉្យាងវិញទៀត ក្រសួងមិនធ្លាប់ចេញលិខិតអនុញ្ញាត ជូនមន្ទីរសម្រាកព្យាបាល ឬគ្លីនិកឯកជន ក្នុងការរកកម្រៃដឹកជនរងគ្រោះថ្នាក់ចរាចរ ពីទីសាធារណៈទៅគ្លីនិកឯកជនទេ ។ ក្រសួងសុខាភិបាល ផ្តល់លិខិតអនុញ្ញាត រថយន្តសង្គ្រោះឯកជន ដឹកអ្នកជំងឺពីមន្ទីរសម្រាកព្យាបាលឯកជន របស់ខ្លួនគាត់ផ្ទាល់ ទៅកាន់មន្ទីរពេទ្យ ដែលមានបច្ចេកវិទ្យាខ្ពស់ជាង តែប៉ុណ្ណោះ។

ដូច្នេះ “សូមម្ចាស់រថយន្តសង្គ្រោះឯកជន កុំទារកម្រៃពីគ្រួសារជនរងគ្រោះថ្នាក់ចរាចរ ឬគ្រួសារសពជនរងគ្រោះ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៥ សីហា លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចេញបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន យករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួន ទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវ ។

ការចេញបញ្ជា របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលនេះ ក្រោយពីលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យបាលបាល ម្លិះដង្កោ បានរឹងទទឹងយក រថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ ចរាចរតាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន ជាល្មើសទៅនឹងបម្រាមក្រសួង។ ម្ចាស់គ្លីនិកនេះ ជាញឹកញាប់តែងតែ ល្មើសបម្រាមរបស់ក្រសួង​យករថយន្តសង្គ្រោះ ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់មកព្យាបាល ។ ក្រសួងបានស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពនេះផងដែរ ៕

To Top