ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញា ឆក់កាបូប និងលួចបូមប្រេងពីរថយន្ត យ៉ាងសកម្ម ២នាក់ នៅស្រុកបាកាន និងក្រុងពោធិសាត់

ពោធិសាត់៖ មុខសញ្ញាជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបលុយប្រជាពលរដ្ឋ នៅតាមដងផ្លូវសាធារណៈ កក្រើក និង ដើរធ្វើសកម្មភាពលួចបូមប្រេងរថយន្ត ដែលឈប់ដេកនៅតាមដងផ្លូវជាតិលេខ៥ ពេលយប់ ត្រូវបានកម្លាំងនគរបាលស្រុកបាកាន សហការណ៍នឹងកម្លាំងនគរបាលក្រុងពោធិសាត់ ឃាត់ខ្លួនបានចំនួន ២ នាក់រួមនឹងមធ្យោបាយមានម៉ូតូចំនួន ២ គ្រឿង ទូរស័ព្ទដៃ ២ គ្រឿង និង សម្ភារៈផ្សេងៗមួយចំនួនកាលពីវេលាម៉ោង ១១ និង ២៥ នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ។

បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកបាកានបានអោយដឹងថា ជនសង្ស័យចំនួន ២ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន បានក្នុងបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់) នោះរួមមានៈ ១.ឈ្មោះ ឌីវ សុខណេ ភេទប្រុសអាយុ ២១ ឆ្នាំ និងទី២.ឈ្មោះសន វិសាល ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់។

របាយការណ៍ដដែលក៍បានអោយដឹងទៀតថា ជនសង្ស័យទាំង ២ នាក់នេះធ្លាប់ធ្វើសកម្មភាព ឆក់កាបូបប្រជាពលរដ្ឋ នៅម្តុំមុខធនាគារស្រុកបាកាន កាលពីថ្ងៃទី២២ ខែកក្កដា និងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ហើយក៍ ធ្លាប់ធ្វើសកម្មភាពលួចបូមប្រេងរថយន្ត ដែលឈប់ដេកនៅពេលយប់ តាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តពោធិសាត់ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់រួមនិងវត្ថុតាងត្រូវបាន កម្លាំងនគរបាលជំនាញស្រុក កសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី ៕

To Top