ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជូនកងពលតូច អន្តរាគមន៍លេខ១២៨

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូច អន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។

លោក សូមវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន ជាលំដាប់របស់កងពលតូចអន្តរាគមន៍លេខ១២៨ និងអង្គភាពចំណុះ ដែលស្តែងឡើង តាមរយៈការសម្រេច បាននូវការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ក្រោយពីត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៧ ក្រោមគំនិតដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការបង្កើនប្រៀបការពារជាតិ និង ការពារប្រជាជន ។ សមិទ្ធផលទាំងនេះ រួមមានជាអាទិ៍៖ អគារទីបញ្ជាការ ០៤ ខ្នង, អគារស្នាក់នៅ ៦៤ខ្នង និងរោងរថយន្ត ០១ ខ្នង រួមទាំងហេដ្ឋរចនាសម្ព័ន្ធ ជាច្រើនផ្សេងទៀត ដើម្បីឆ្លើយជួយសម្រួល ដល់ការងារប្រចាំថ្ងៃរបស់អង្គភាព សំដៅធានាបាននូវប្រសិទ្ធភាពការងារ កាន់តែប្រសើរឡើងបន្ថែមទៀត។

លោកបន្តថា ក្នុងនាមថ្នាក់លើ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ គ្រប់លំដាប់ថ្នាក់ តែងបានយកចិត្តទុកដាក់ និងគិតគូរជាប្រចាំអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅទូទាំងប្រទេស ដោយគិតគូរលៃលកធ្វើយ៉ាងណា ឱ្យមានការធានាសមរម្យ និងគ្រប់គ្រាន់ ស្របទៅ នឹងបទបញ្ជា និងភារកិច្ចដែលបានចាត់តាំង។ ក្នុងន័យនេះ សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចទាំងទ្វេ ដោយជានិច្ច ជាកាលលោកទាំងពីរ តែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួល ដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ព តាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចទាំងទ្វេផ្ទាល់ ក៏ជាធ្លាប់យោធិនដែលឆ្លងកាត់ការលំបាក សព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើង សង្គ្រាមផងដែរ។

លោក សូមថ្លែងអំណរគុណផងដែរ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នយោធា ស៊ីវិល និងសប្បុរសជន ទាំងអស់ ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការឧបត្ថម្ភគាំទ្រ ដល់កងពលតូចអន្តរាគមន៍លេខ១២៨ និយាយដោយឡែក និងនិយាយជារួម កងយោធពលខេមរភូមិន្ទទាំងមូល ជាពិសេសនៅក្នុងដំណាក់កាល ដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាននូវការងារកែទម្រង់ និងទំនើបកម្មរបស់ខ្លួន ដើម្បីកសាងនិងពង្រឹងខឿន ការពារជាតិ ឱ្យបានកាន់តែរឹងមាំ សំដៅធានាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ ។ ពិតណាស់ កងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន ហើយប្រជាជនវិញ គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ព និងកម្លាំងភស្តុភារ ក្នុងនាមជាសមរភូមិក្រោយ ។ ទាំងអស់នេះ គឺពិតជាបានស្តែង ឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាន នៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាស សម្រាប់ការអភិវឌ្ឍជាតិ ។

លោក រំលេចថា គោលដៅសំខាន់ពីរ នៃគោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង និងការកសាងឱកាស សម្រាប់ការអភិវឌ្ឍជាតិ ។ ទោះបីក្នុងរយៈកាលជាង ០២ ឆ្នាំកន្លងមកនេះ យើងមានបញ្ហាប្រឈម និងផលប៉ះពាល់ខ្លះ ពីការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើន លូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមាន ជាពិសេសក្នុងប្រមាណប្រមាណ ២០ ឆ្នាំចុងក្រោយមុនការមកដល់នៃជំងឺកូវីដ-១៩ គឺបាន និងកំពុងផ្តល់នូវឱកាសអំណោយផល និងសន្ទុះថ្មីសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ ។

លោក កោយសរសើរ ស្មារតី ឆន្ទៈ និងពលិកម្មលះបង់របស់កងទ័ព មិនមែនមានតែនៅក្នុងសមរភូមិប៉ុណ្ណោះទេ។ ជាក់ស្តែងណាស់ កងទ័ពមានភារកិច្ច និងតែង បានចូលរួម នៅក្នុងគ្រប់ស្ថានការណ៍យថាហេតុលំបាក និងគ្រោះថ្នាក់ ក្នុងពេលដែលជាតិ និងប្រជាជនត្រូវការ ដូចជាក្នុងពេល គ្រោះវិបត្តិគ្រោះមហន្តរាយ ព្រមទាំងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាផលវិបាកបន្សល់ទុកដោយសង្គ្រាម ជាដើម។ សូមយកឱកាសនេះថ្លែង នូវការកោត សរសើរចំពោះយោធភូមិភាគទី១, កងពលតូចអន្តរាគមន៍លេខ១២៨ ក៏ដូចជាគ្រប់បណ្តាកងឯកភាព ចំណុះយោធ ភូមភាគទី១ ដែលបានខិតខំ បំពេញភារកិច្ច ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមខ្សែ បន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ របស់ខ្លួន និងការបំពេញកិច្ចសហការ ជាមួយអាជ្ញាធរដែនដី និងស្ថាប័ន ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ គួរជាទីមោទនៈ ៕

To Top