ព័ត៌មានជាតិ

៦ខែ សមត្ថកិច្ច បង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ៧៤ករណី (Video)

ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានថ្លែងថា រយៈពេល ៦ខែ ឆ្នាំ២០២២ សមត្ថកិច្ច ធ្វើការតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ចំនួន ៧៤ករណី បើប្រៀបធ្រៀបរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២១ ថយចុះចំនួន ១២៤ករណី។

https://youtu.be/6FPuYD_oG7g

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័ន ជាសមាសជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ នាថ្ងៃទី១៩ សីហា នេះ លោកស្រី ជូ ប៊ុនអេង បានថ្លែងបញ្ជាក់ថា «ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ៧៤ករណី (ធៀបនឹង ឆមាសទី១ ឆ្នាំ២០២១ មានចំនួន ១៩៨ករណី ថយចុះចំនួន ១២៤ករណី) ស្មើនឹង ៦២,៦២% ឃាត់ខ្លួនជនសង្ស័យ បញ្ចូនទៅសាលាដំបូងចំនួន ៨៣នាក់ (ស្រី ៨នាក់) អនីតិជន ៧នាក់។

លោកស្រី បន្ដថា ក្នុងនោះ ជនសង្ស័យដែលជាជនបរទេសចំនួន ១២នាក់ មាន៤សញ្ជាតិ គឺជនជាតិចិន ៩នាក់, ជនជាតិថៃ ១នាក់, វៀតណាម ១នាក់ និងជនជាតិបង់ក្លាដេស ១នាក់។

លោកស្រី បន្ថែមថា ដោយឡែកសង្គ្រោះជនរងគ្រោះចំនួន ១៥៦នាក់ (ស្រី ១០៥នាក់) ក្នុងនោះ អាយុក្រោម ១៥ឆ្នាំ ៦០នាក់ អាយុ ១៥-១៧ឆ្នាំ ១៣នាក់ និងអាយុពី ១៨ឆ្នាំឡើង ៨៣នាក់ (ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ៦នាក់ និងប្រគល់ឱ្យគ្រួសារ ១៥០នាក់៕

To Top