ព័ត៌មានជាតិ

លោក កេត ម៉ៅ ៖ ភូមិព្រៃស្នួល កំពុងប្រែក្លាយទៅជា តំបន់ទេសចរណ៍ ដែលមានសក្ដានុពល

ភ្នំពេញ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានឱ្យដឹងថា ភូមិព្រៃស្នួល ដែលធ្លាប់តែស្ងប់ស្ងាត់ និងដាច់ស្រយ៉ាល គ្មានអ្នកស្គាល់ពីមុន បាននឹងកំពុងប្រែក្លាយ ទៅជាតំបន់ទេសចរណ៍ ដ៏មានសក្ដានុពលមួយ ប្រចាំខេត្តតាកែវ តាមរយៈនៃការកែច្នៃបឹងធម្មជាតិ សម្រាប់ជិះទូកកំសាន្ដ និងអង្គុយលំកាយ មើលភ្នំជីសូរ។

សូមរំលឹកថា ភូមិព្រៃស្នួល បានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើការកែលំអហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធប្រឡាយទឹក និងបំពាក់អំពូលសូឡេ បំភ្លឺផ្លូវ ជូនប្រជាពលរដ្ឋ សម្រាប់ការធ្វើដំណើរនាពេលយប់។

ក្នុងឱកាសចុះពិនិត្យសមិទ្ធផលនានា ក្នុងភូមិព្រៃស្នួល នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ លោក កេង ម៉ៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការជួយឧបត្ថមជាថវិកា តាមរយៈលោក សយ សុភាព សម្រាប់អភិវឌ្ឍន៍ភូមិព្រៃស្នួល នេះ។

លោកអភិបាល បញ្ជាក់ថា «ភូមិព្រៃស្នួល មានលក្ខណៈអំណោយផលសម្រាប់ អ្នកទេសចរណ៍ ដែលមានបំណង សម្រាកលំហែរកាយ ស្រូបយកខ្យល់ អាកាសធម្មជាតិ ជាពិសេសសំឡឹងមើលជើងភ្នំជីសូរ ជាពិសេសក្នុងពេលព្រលានយន្តហោះ អន្តរជាតិ តេជោសែន សាងសង់រួចរាល់នោះ តំបន់នេះ គឺអាចទាក់ទាញខ្លាំងបំផុតពីសំណាក់អ្នកទេសចរណ៍» ។

លោក កេត ម៉ៅ ក៏បានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ក៏ដូចជាសប្បុរសជន ជួយដាំដើមឈើប្រណិត នៅក្នុងភូមិនេះ ដែលជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវ ទេសចរណ៍បន្ថែមទៀត ផងដែរ ៕

To Top