ព័ត៌មានជាតិ

រុស្ស៊ីថា អាមេរិកត្រូវតែផ្តល់សំណង ដល់ប្រជាជន អាហ្វហ្គានីស្ថាន

បរទេស៖ បេសកជន របស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា សហរដ្ឋអាមេរិក គួរតែផ្តោតលើការផ្តល់សំណង ដល់ប្រជាជនអាហ្វហ្គានីស្ថាន សម្រាប់រយៈពេល ២០ ឆ្នាំនៃ “ការកាន់កាប់ដោយគ្មានន័យ” ជាជាងការចោទប្រកាន់ អ្នកផ្សេងទៀតថា មិនបានជួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០០១ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកតាលីបង់ អាល់កៃដា និងក្រុមអ៊ីស្លាមផ្សេងទៀត ដែលជាផ្នែកមួយនៃសង្គ្រាមពិភពលោក ស្តីពីភេរវកម្ម ដែលបានប្រកាស បន្ទាប់ពីការវាយប្រហារភេរវកម្ម 9/11 នៅអាមេរិក។ ទោះយ៉ាងណាក៏ដោយ ក្រុមតាលីបង់ បានដណ្តើមកាន់កាប់ ទីក្រុងកាប៊ុល និងវាយដណ្តើមកាន់កាប់អាហ្វហ្គានីស្ថាន កាលពីឆ្នាំមុន ក្នុងដំណាក់កាលចុងក្រោយ នៃការដកទ័ពអាមេរិក និងកងកម្លាំងលោកខាងលិចផ្សេងទៀត។

យ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទ បេសកជនអាមេរិកលោកស្រី Linda Thomas-Greenfield បានស្នើថា រុស្ស៊ីមិនបានធ្វើគ្រប់គ្រាន់ ដើម្បីជួយដល់សេដ្ឋកិច្ច របស់ប្រទេសអាហ្វហ្គានីស្ថាន នោះទេ។

បេសកជនអាមេរិក បានបន្តនិយាយថា រុស្ស៊ីបានរួមចំណែក ដោយ “គ្មានអ្វី” ដល់ផែនការឆ្លើយតប មនុស្សធម៌ របស់អង្គការសហប្រជាជាតិ អាហ្វហ្គានីស្ថាន នៅឆ្នាំនេះ ហើយក៏បានហៅការរួមចំណែក របស់ប្រទេសចិនថា “មានចំនួនតិចតួច” ។

លោក Nebenzia បានវាយបកទៅលើលោកស្រី Thomas-Greenfield ដោយលើកហេតុផលថា វ៉ាស៊ីនតោនគួរតែទទួលបន្ទុក ដោយបានផ្តល់ឱ្យទាហានអាមេរិក ជិតពីរទសវត្សរ៍ នៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម៕

ប្រែសម្រួលៈ ណៃ តុលា

To Top