ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហើបពីគម្រោង បង្កើតក្រុងថ្មី១ បន្ថែមទៀត នៅខេត្តកណ្ដាល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបពីគម្រោងក្នុងការបង្កើតក្រុងថ្មី១ បន្ថែមទៀត នៅខេត្តកណ្ដាល គឺ «ក្រុងល្វាឯម»។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ សម្ដេចតេជោមានប្រសាសន៍ ពីការអភិវឌ្ឍដែលផ្តើមពីការរីកចម្រើន កំណើនយានយន្ត និងប្រជាពលរដ្ឋជាច្រើន ។ ក្នុងបញ្ហានេះ សម្តេចបានរំលឹកពីការកាត់ដីពង្រីកវិសាលភាពក្រុងភ្នំពេញ ដែលកាត់ចេញពីខេត្តកណ្តាល ហើយទន្ទឹមនឹងការរីកចម្រើន នៅរាជធានីភ្នំពេញនេះ សម្តេចក៏បានបង្ហើបឲ្យដឹងថា ខេត្តកណ្តាល នឹងត្រូវបង្កើតឲ្យមានក្រុង១ទៀត គឺក្រុងល្វាឯម ពោលគឺមិនកាត់ឲ្យរាជធានីភ្នំពេញទៀតទេ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបញ្ជាក់ថា «ការបង្កើតស្រុកល្វាឯម នៃខេត្តកណ្ដាល ឲ្យទៅជាក្រុង១ទៀត ដែលនឹងមិនកាត់ឲ្យទៅរាជធានីភ្នំពេញបន្ថែមទៀតនោះ ដើម្បីទុកលទ្ធភាពឲ្យខេត្តកណ្តាល មានពន្ធអាករផងដែរ ព្រោះខេត្តកណ្តាល ត្រូវបានកាត់ចូលរាជធានីភ្នំពេញ អស់ច្រើនហើយ»។

សូមបញ្ជាក់ថា ខេត្តកណ្តាលមានក្រុងតាខ្មៅ និងស្រុកចំនួន១០ ។ ប៉ុន្តែនៅពេលខាងមុខតាមរយៈប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ខេត្តកណ្តាលនឹងមានក្រុងចំនួន២ គឺក្រុងតាខ្មៅ និងក្រុងល្វាឯម និងស្រុកចំនួន៩ ពោលគឺស្រុកលើកដែក កៀនស្វាយ កណ្ដាលស្ទឹង ស្អាង កោះធំ ពញាឮ អង្គស្នួល មុខកំពូល និងស្រុកខ្សាច់កណ្តាល ៕

To Top