ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ៖ ការប្រមាថរបស់ ខឹម វាសនា មកលើសម្តេចតេជោ គឺមិនអាចទទួលយកបានទេ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី កូនប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា លោកមិនអាចទទួលយកបានឡើយចំពោះការប្រមាថ របស់លោក ខឹម វាសនា មកលើសម្ដេចតេជោ និងថា ការប្រមាថនេះ ជាការប្រមាថជារួមលើជនដែលមានពិការភាពទាំងអស់ ។

ការថ្លែងរបស់លោក ហ៊ុន ម៉ានី បែបនេះ ធ្វើឡើងបន្ទាប់ពីលោក ខឹម វាសនា បានបង្ហោះសារជេរប្រមាថដោយប្រើពាក្យពេចន៍អសុរោះ មកលើសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាជនដែលមានពិការភាពទាំងអស់ផងដែរ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣១ សីហានេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ផ្សាភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ នៅក្នុងខេត្តសៀមរាបដែលអាជ្ញាធរ បានដាក់ពេលវេលាចុងក្រោយ ឲ្យក្រុមអ្នកជួបជុំចាកចេញពីទីជំនួបកាលពីយប់ម៉ិញ លោកបានសង្កេតឃើញការផ្សព្វផ្សាយដោយគ្មានក្រមសីលធម៌ ជាមួយនឹងការប្រើប្រាស់ពាក្យពេចន៍អសុរោះជាច្រើន មកដល់លោកឱពុករបស់លោក ដែលសារទាំងនោះ បានប្រើប្រាស់ពាក្យពេចន៍ច្រលើសបើសជាច្រើន ដែលបុគ្គល និងសង្គមជាតិទាំងមូលពិបាកនឹងទទួល។

លោក ហ៊ុន ម៉ានី បញ្ជាក់ថា «ក្នុងនាមខ្ញុំជាកូនផង និងជាប្រជាពលរដ្ឋម្នាក់ផង ខ្ញុំយល់ថា ការប្រមាថនេះ ជាការប្រមាថជារួមលើជនដែលមានពិការភាពទាំងអស់ ដែលអ្នកទាំងនោះមិនត្រឹមតែឈឺចាប់ដោយភាពរងគ្រោះក្នុងឧបទ្ទវហេតុអកុសលឡើយ ប៉ុន្តែថែមទាំងនៅបន្តជាជនរងគ្រោះដោយពាក្យសម្តីបែបអសុរសបែបនេះទៀត»។

លោកគូសបញ្ជាក់ទៀតថា ជាងនេះទៅទៀត ការប្រមាថនេះ បានធ្វើចំពោះថ្នាក់ដឹកនាំជាតិម្នាក់ដែលរងគ្រោះធ្លាក់ខ្លួនពិការ ដោយបុព្វហេតុជាតិ និងមាតុភូមិ ។ ការណ៍នេះ ក្នុងនាមជាកូន និងជាប្រជាពលរដ្ឋ គឺមិនអាចទទួលបានឡើយ។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី ក៏បានឲ្យអ្នកផ្សព្វផ្សាយទាំងនោះ ពិចារណាពីកំហុសឆ្គងដ៏ធ្ងន់ធ្ងរនេះឡើងវិញ ៕

To Top