ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
![](https://dap-news.com/wp-content/uploads/2022/09/302283028_642167460807854_7994248358175675049_n-1024x682.jpg)
តាមរយៈបេសកកម្មការទូតរបស់លោកស្រី សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿជឿជាក់ថា លោកស្រី នឹងខិតខំបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
ក្នុងឱកាសនោះ លោកស្រី ឯកអគ្គរដ្ឋទូតបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រទេសទាំងពីរ លើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ។
![](https://dap-news.com/wp-content/uploads/2022/09/301351086_642167577474509_532480379524475850_n-1024x682.jpg)
លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងថា សភាតួកគីបានបង្កើត ក្រុមមិត្តភាពរវាងប្រទេសទាំងពីរ។ លោកស្រីមានជំនឿថា នឹងមានការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ រវាងសភានៃប្រទេសទាំងពីរ ដើម្បីជំរុញការយល់ដឹងរួមគ្នា និងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)