ព័ត៌មានជាតិ

លោក គង់ សោភ័ណ្ឌ ឲ្យអភិបាលក្រុង-ស្រុក យកចិត្តទុកដាក់ចុះមើលផ្លូវជាប្រចាំ និងជួសជុលកែលម្អឲ្យស្អាត

ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំឲ្យអភិបាលក្រុង ស្រុកទាំងអស់ទូទាំងខេត្តកណ្តាល បន្តយកចិត្តទុកដាក់ ចុះមើលផ្លូវឲ្យបានជាប់ជាប្រចាំ និងត្រូវជួសជុលកែលម្អឲ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។

ការជំរុញឲ្យមន្រ្តីក្រោមឱវាទ យកចិត្តទុកដាក់ថែទាំផ្លូវនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើអាជ្ញាធរនៅគ្រប់ខេត្ត ត្រូវពិនិត្យមើលការខុសត្រូវផ្លូវ នៅក្នុងមូលដ្ឋានខ្លួន កាលពីថ្ងៃ៣១ សីហា។

លោកអភិបាលខេត្តថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញ បើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិថ្មី ភូមិព្រែកសំរោង១ និងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃ១ កញ្ញា ។

ជាមួយគ្នានោះដែរលោក គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ ខ្ពស់លើការបង្ក្រាបបទល្មើសគ្រឿងញៀន, ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ការងារគ្រប់គ្រងបរិស្ថាន កាកសំណល់ រឹង រាវ នៅតាមផ្សារ ទីប្រជុំជន រោងចក្រ សហគ្រាស និងរកទីតាំងចាក់សំរាម ដើម្បី អភិវឌ្ឍន៍ក្រុង ស្រុក ឲ្យមានសោភ័ណ្ឌភាពកាន់តែប្រសើរឡើង។

លោកបានស្នើអាជ្ញាធរក្រុងតាខ្មៅ ចៅសង្កាត់ទាំង១០ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាងឲ្យបានយ៉ាងល្អប្រសើរ។

បន្ថែមលើសពីនេះលោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ រស់នៅជាប់ផ្លូវដែលកំពុងសាងសង់ ចូលរួមសហការជាមួយអាជ្ញាធរ សម្រួលដល់ការសាងសង់ផ្លូវបេតុងមួយនេះ ឲ្យសម្រេចបានតាមការគ្រោងទុក្ខ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនដែលទទួលបានការសាងសង់ ត្រូវអនុវត្តតាមកិច្ចសន្យា សាងសង់ប្រកបដោយបច្ចេកទេស ធានាបាននូវការប្រើប្រាស់បានយូរអង្វែងផងដែរ ៕

To Top