ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ យុវជនម្នាក់ ពាក់ព័ន្ធការចាប់រំលោភ ម្តាយមីងបង្កើតខ្លួនឯង រួចសម្លាប់ចោល ដើម្បីបំបិទមាត់

ភ្នំពេញ: យុវជន ជាពិរុទ្ធជនម្នាក់ កាលពីព្រឹកថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២២ ត្រូវបាន តុលាការកំពូល ធ្វើការជំនុំជម្រះ សើរើ លើបណ្តឹងសារទុក្ខ បុរសគាត់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស រូបគាត់ ដាក់គុក អស់មួយជីវិត ជាប់ទាក់ទងនឹងការចាក់សម្លាប់សម្លាប់ស្រ្តីវ័យចំណាស់ម្នាក់ ដែលត្រូវជាម្តាយមីងបង្កើត បន្ទាប់ពី គាត់ បានចាប់រំលោភសេពសន្ថវ: បានសម្រេច ហើយ សម្លាប់ជនរងគ្រោះចោល ដើម្បីបំបិទមាត់ និង ដើម្បី កុំអោយជនរងគ្រោះ ប្តឹងប្តឹង ទៅ សមត្ថកិច្ចនគរបាល ប្រព្រឹត្តនៅត្រង់ចំណុចខ្ទមស្រែ ស្ថិតក្នុងភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពី ឆ្នាំ ២០២០។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា ពិរុទ្ធជនរូបនេះ មាន ឈ្មោះ៖ ម៉ន ម៉ុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធើ្វស្រែ មានទីលំនៅ ភូមិតានី ឃុំ ជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំណែកជនរងគ្រោះ ជាស្ត្រីមេម៉ាយម្នាក់ មានអាយុ៥៧ ឆ្នាំ និង ត្រូវជាម្តាយមីងបង្កើត របស់ជនជាប់ចោទ មានទីលំនៅ នៅភូមិ-ឃុំ-ស្រុក និង ខេត្ត ជាមួយគ្នានឹង ជនជាប់ចោទ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ម៉ន ម៉ុន ត្រូវបានសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬរំលោភសេពសន្ថវៈ » តាមបញ្ញត្តិមាត្រា ២០៥ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ។

គាត់បានប្តឹងឧទ្ទរណ៍ តែតុលាការឧទ្ទរណ៍ បានតម្កល់ទោសគាត់ ដដែល។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀត និង សុំតុលាការជាន់ខ្ពស់ បង្អស់នេះ មេត្តា ជួយបន្ធូរបន្ថយទោស ខ្លះៗ ដល់រូបគាត់ផង ពីព្រោះ គាត់នៅក្មេង នៅឡើយនិង ទើបតែប្រព្រឹត្តបទល្មើស ជាលើកដំបូងនៅក្នុងជីវិតតែត្រូវជាប់គុក អស់មួយជីវិត នៅក្នុងពន្ធនាគារ។

តុលាការកំពូលនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ៕

ដោយ: លីហ្សា

To Top