នយោបាយ

កងទ័ព កម្ពុជា-វៀតណាម រលឹកឡើងវិញ ពីការជួយគ្នាទៅវិញមក នាទសវត្សរ៍៧០ ជួយរំដោះវៀតណាម និងផ្តួលរំលំរបបខ្មែរក្រហម

ភ្នំពេញ៖ ភាគីទាំងពីរកម្ពុជា វៀតណាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក៏បានរំឭកឡើងវិញ និងថ្លែងអំណរគុណគ្នា ទៅវិញទៅមក ចំពោះស្មារតីនៃការជួយគ្នា ក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ ជួបការលំបាក ដូចកាលប្រទេសកម្ពុជា បានជួយប្រទេសវៀតណាម នៅក្នុងការតស៊ូរំដោះប្រទេស ក្នុងទស្សវត្សរ៍ ឆ្នាំ១៩៧០ និងប្រទេសវៀតណាម បានជួយកម្ពុជាវិញ នៅក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំងការស្តារ កសាង និងអភិវឌ្ឍប្រទេសឡើងវិញ ផងដែរ។

នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២២ និងលើកទិសដៅបន្តឆ្នាំ២០២២-២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ង្វៀង ជឿងថាំង មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។

ក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បន្ទាប់ពីអាក់ខានចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មក ហើយស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ ដោយថ្នាក់ដឹកនាំទាំងសងខាង ក៏បានកំណត់យកជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម” ផងដែរ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ត្រី ង្វៀង ជឿងថាំង បានថ្លែងអំណរគុណ ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហការ ជួយគ្នាទៅវិញទៅមក ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ដែលជាទម្លាប់ដ៏ល្អមួយរវាងអង្គភាពទាំងពីរ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាបាននូវការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងនាមជាអ្នកជិតខាងភូមិផងរបង ជាមួយគ្នាដ៏ល្អ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទនភាព ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ ស្របតាមគោលការណ៍ និងទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យក ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របទៅតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

ឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២១ ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិ ដែលសម្រេចបានកន្លងមក ថ្វីត្បិតតែប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល បានជួបប្រទះនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ជាពិសេសនៅតែរក្សាបាននូវការភ្ជាប់ទំនាក់ទំនង ជាប្រចាំ តាមរយៈយន្តការគ្រប់កម្រិត រវាងកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងឯកភាពចំណុះយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដោយបានបន្តសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងល្អជិតស្និទ្ធ រួមទាំងការជួយឧបត្ថម្ភគាំទ្រគ្នា ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺ ដ៏កាចសាហាវនេះ។ លទ្ធផលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាបាននូវព្រំដែនដែនមិត្តភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងទប់ស្កាត់ និងកាត់បន្ថយបាន រាល់បទល្មើសឆ្លងដែនផ្សេងៗ ដែលជាការបង្កលក្ខណៈងាយស្រួលឱ្យប្រជាជននៃប្រទេសទាំងពីរ បានផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកស៊ីទៅវិញទៅមក រួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

សម្រាប់ទិសដៅឆ្នាំ២០២២-២០២៣ ភាគីទាំងពីរ បានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ច ស្របតាមពិធីសារស្តីពី កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដំណាក់កាល២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅនាំមកនូវការរីកចម្រើន កាន់តែសកម្មនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា៖ កិច្ចសហការលើការងារការពារព្រំដែនគោក នៃប្រទេសទាំងពីរ, កិច្ចសហការលើការផ្តល់ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ នៅតាមបណ្តោយព្រំដែន, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងការគាំទ្រលើការហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស៕

To Top