ព័ត៌មានជាតិ

សូមប្រយ័ត្ន! ចាប់ពីថ្ងៃ៥-៩ កញ្ញា បណ្ដាខេត្តមួយចំនួន អាច នឹងមានហានិភ័យជំនន់ទឹកភ្លៀងខ្ពស់

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៥-៩កញ្ញា ឆ្នាំ២០២២ខាងមុខនេះ ខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង។

តាមរយៈសេចក្ដីជូនដំណឹង បានឲ្យដឹងថា កម្ពុជាបាននឹងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ។

នៅថ្ងៃទី ៥ ខែកញ្ញា ប្រព័ន្ធសម្ពាធទាបរួមជាមួយនឹងសម្ពាធទាប នឹងរំកិលចុះមកក្រោមអូស បន្លាយនឹងគ្របដណ្តប់មកកម្ពុជា ។

ក្រសួងបញ្ជាក់ថា «លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ ស្ថានភាពអាកាសធាតុជាទូទៅ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាមួយ នឹងទឹកភ្លៀងដែលមានលក្ខណៈធ្លាក់ជាប់ជាបន្ត ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះ មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ នឹងខ្យល់កន្ត្រាក់ ដែលអាចបង្កឲ្យ តំបន់ផ្ទៃរងទឹកភ្លៀងនៃបណ្តាខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ ផ្លូវទឹក មានហានិភ័យខ្ពស់ នឹងជំនន់ទឹកភ្លៀង មានជាអាទិ៍ ៖ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (ស្ទឹង សែន) ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (ស្រុក ដាប់ជួរភ្នំក្រវាញ និងភ្នំឱរាំរ៉ៃ) កោះកុង និងខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ៤ រវាងខេត្ត កោះកុង និងខេត្តព្រះសីហនុ ) »។

ក្រសួងបន្តថា ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ ច្រើន នៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងរមេគង្គ ដែលអាចធ្វើឲ្យទឹកទន្លេ មានការងើបឡើងវិញ ៕

To Top