ព័ត៌មានជាតិ

អាជ្ញាធរ ខេត្តកំពង់ចាម ធ្វើពិធីលែងកូនត្រីពូជ ១០ម៉ឺនកូន និង ដាំដើមឈើ ក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានដឹកនាំមន្ត្រី មន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធពិធីលែងកូនត្រីពូជ ១០ម៉ឺនកូន និងដាំកូនឈើ នៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ។

លោកអភិបាលខេត្ត មានប្រសាសន៍រំលឹកថា ជារៀងរាល់ឆ្នាំចាប់ពីដើម ខែមិថុនា រហូតដល់ចុង ខែកញ្ញា គឺជារដូវបិទនេសាទ ដើម្បីទុកឲ្យមេពូជត្រី បានពងកូន បន្តពូជទុកសម្រាប់ឆ្នាំក្រោយៗទៀត។ហេតុនេះទើបយើងជ្រើសរើសយកថ្ងៃនេះ និងទីកន្លែងនេះ ដើម្បីរៀបចំពិធីលែងកូនត្រី មេត្រីពូជ និងពិធីដាំកូនឈើ ហើយក៏ចាត់ទុកជាការប្រកាស បិទរដូវនេសាទនៅក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេសផងដែរ។

លោកអភិបាលខេត្តបន្តថា ដូចបងប្អូនជ្រាបហើយថា នៅប្រទេសយើង សម្បូរដោយត្រីទឹកសាប ដោយសារមានបឹងទន្លេសាប ប្រព័ន្ធទន្លេ ស្ទឹង បឹងបួរ នានា ដែលអាចផ្ដល់នូវបរិមាណផលត្រី យ៉ាងច្រើនសម្រាប់បំរើ ជាម្ហូបអាហារ របស់ប្រជាជនយើង ។ ជាការពិតណាស់ប្រទេសយើង មានផ្ទៃដីដាំដំណាំស្រូវ ដែលមានគុណភាពល្អ ស្របទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងតម្រូវការទីផ្សារពិភពលោក ដែលកំពុងតែមានការរីកចម្រើន។ ដោយឡែក ចំពោះវិស័យ ជលផលកម្ពុជា ក៏ជាចំណែកមួយនៃផលទុនជាតិ ដែលមានប្រជាពលរដ្ឋជាច្រើននាក់ ពាក់ព័ន្ធនឹងវិស័យជលផលដូចជា អ្នកធ្វើនេសាទ ពេញម៉ោង អ្នកធ្វើនេសាទមិនពេញម៉ោង អ្នកធ្វើនេសាទម្តងម្កាល អ្នកកែច្នៃផលនេសាទ ឬអ្នកទិញ លក់ដូរ ផលនេសាទជាដើម ។ ហេតុនេះហើយ ទើបគេអាចចាត់ទុកថា ប្រទេសកម្ពុជាយើង ជាសង្គមបរិភោគត្រី ដោយគិតជាមធ្យម សម្រាប់ប្រជាពលរដ្ឋម្នាក់ ហូបត្រីអស់ ៥២,៤០ គ.ក្រ ក្នុងមួយឆ្នាំ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងសម្បូរ ដោយត្រីទឹកសាប បានផ្គត់ផ្គង់ម្ហូបអាហារ របស់ប្រជាជន យើងបានគ្រប់គ្រាន់ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ វិស័យជលផលកម្ពុជា បានរងនូវផលប៉ះពាល់មួយចំនួន តាមរយៈកត្តាបម្រែបម្រួល អាកាសធាតុជាសាកលការនេសាទ ដោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ។ល។ នៅឆ្នាំ២០២១នេះ បានរួមចំណែក ២៤,៤% ផលិតផលក្នុងស្រុក សរុបរបស់វិស័យកសិកម្ម ហើយការប្រែប្រួល កំពស់ទឹក ការកាប់ទន្ទ្រានព្រៃលិចទឹក តែទោះជាយ៉ាងនេះ ក្តីក៏វិស័យជលផលកម្ពុជា មានប្រជាពលរដ្ឋយ៉ាងច្រើននាក់ពាក់ព័ន្ធ នឹងវិស័យជលផល ។ ក្នុងន័យនេះជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី០១ កក្កដា ជារៀងរាល់ឆ្នាំ ជាទិវាមច្ឆជាតិ ដែលបានប្រារព្ធធ្វើ នៅតាមបណ្តាខេត្តនានា ៕

To Top